ផ្ទុះករណីបាញ់ប្រហារស្លាប់៧នាក់នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក (Video inside)
27-02-2020 09:04
(អាមេរិក)៖ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មនុស្សយ៉ាងណាស់ ០៧នាក់បានស្លាប់ (រួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ) នៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុងមីលវូគី (Milwaukee) នៃរដ្ឋវីសខុនសិន (Wisconsin) ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាព្រឹកថ្ងៃប្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើង នៅក្នុងទីធ្លារោងចក្រផលិតស្រាបៀរមួយកន្លែង ដែលត្រូវបានគេស្គាល់ថា មីល្លឺ (Miller brewery) ស្ថិតក្នុងទីក្រុង Milwaukee របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃពុធម្សិលមិញ (ពេលវេលានៅសហរដ្ឋអាមេរិក)។
មេប៉ូលីសប្រចាំរដ្ឋ Milwaukee លោក អាល់ហ្វុនសូ ម៉ូរ៉ាល់ស៍ (Alfonso Morales) បានប្រាប់ឲ្យដឹងថា នៅពេលមន្រ្តីប៉ូលីសបានទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញបុរសអាយុ ៥១ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថា ជាខ្មាន់កាំភ្លើងដេកស្លាប់ដែលទំនងជាសម្លាប់ខ្លួនឯង។ ជាមួយគ្នានោះគេក៏ឃើញមានជនរងគ្រោះ ០៦នាក់ទៀតដេកស្លាប់ជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា សម្រាប់មូលហេតុពិតប្រាកដ ដែលនៅពីក្រោយហេតុការណ៍ឃាតកម្មនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈជនសង្ស័យក៏គេនៅមិនទាន់អាចកំណត់អត្តសញ្ញាណបានដែរ៕