ឥណ្ឌា៖ មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង (Video inside)
25-02-2020 14:31
(ញូដេលី)៖ មនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត និង១៥០នាក់ រងរបួស នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ប៉ូលិសម្នាក់ និងជនស៊ីវិល៦នាក់ បានស្លាប់នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ហើយនេះគឺជាបាតុកម្មតវ៉ាមានមនុស្ស ស្លាប់ច្រើនបំផុតក្នុង រដ្ឋធានីឥណ្ឌាមួយនេះ គិតចាប់តាំងពីច្បាប់ស្ដីពីសញ្ជាតិថ្មី ត្រូវបានអនុម័តកាលពីឆ្នាំ២០១៩មក។ អាជ្ញាធរឥណ្ឌា បានឱ្យដឹងទៀតថា រថយន្ដជាច្រើនគ្រឿង ក៏ត្រូវបានដុតបំផ្លាញ រីឯអគារមួយចំនួនរងការខូចខាតផងដែរ កំឡុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមអ្នកប្រឆាំង និងក្រុមអ្នកគាំទ្រច្បាប់សញ្ជាតិថ្មី។
គួរជម្រាបថា បាតុកម្មតវ៉ា ក្នុងទីក្រុងញូដេលី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ និងបន្តរហូតមកដល់ថ្ងៃចន្ទម្សិលមិញ ចំពេលលោក ដូណាល់ ត្រាំ ផ្ដើមបំពេញ ទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឥណ្ឌា។ លោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភជាច្រើនថា ការប៉ះទង្គិចគ្នាអាចនឹងផ្ទុះឡើងជាថ្មី៕