នាយករដ្ឋមន្ត្រីអង់គ្លេស «លុបចោលដំណើរទស្សនកិច្ចទៅកាន់អាមេរិក» ក្រោយការសន្ទនាយ៉ាងតឹងសរសៃកជាមួយលោក ដូណាល់ ត្រាំ (Video inside)
15-02-2020 16:48
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានសម្រេចលុបចោលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនេះ បន្ទាប់ពីមានការដំឡើងសរសៃកដាក់គ្នាខ្លាំងៗ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Business Insider នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ភ្លាមៗបន្ទាប់ពីលោក Johnson បានឈ្នះឆ្នោតជាធ្វើនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីខែធ្នូកន្លងទៅ លោកបានគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនភ្លាមៗដែរ។ ប៉ុន្តែគម្រោងដំណើទស្សនកិច្ចនេះ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយសារមានបញ្ហាមួយចំនួនដូចជា បញ្ហាអ៊ីរ៉ង់ និងបញ្ហាក្រុមហ៊ុន Huawei ហើយសម្រាប់បញ្ហាចុងក្រោយទាក់ទងនឹង ការច្រានចោលពីសំណាក់អង់គ្លេសនូវសំណើ ធ្វើបត្យាប័នភរិយារបស់មន្ត្រីការទូតអាមេរិកម្នាក់ ទៅឲ្យសហរដ្ឋអាមេរិក។
គួរបញ្ចាក់ថា ការសម្រេចចិត្តលុបចោល ដំណើរទស្សនកិច្ចខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់លោក Johnson ហើយក្នុងកិច្ចសន្ទនានោះលោក ត្រាំ បានស្តីបន្ទោសខ្លាំងៗទៅលើលោក Johnson តែម្តង។ ដោយសារតែបញ្ហានេះ ទើបនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានសម្រេចលុបចោលដំណើទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក រហូតដល់ពេលកិច្ចប្រជុំកំពូល G7 នាខែមិថុនា ឆ្នាំ២០២០ ត្រូវប្រារព្ធឡើងនៅទឹកដីអាមេរិកតែម្តង៕