Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីរហូតដល់ «៦១នាក់» នៅក្នុងកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលផ្ទុកមនុស្ស៣.៧ពាន់នាក់! (Video inside)

07-02-2020 10:55

(តូក្យូ)៖ មនុស្សសរុប ៦១នាក់នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស ក្នុងប្រទេសជប៉ុន ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី 2019-nCoV ក្រោយពីកប៉ាល់នេះត្រូវបានឃាត់ទុក ក្រោយរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាដំបូងតែម្នាក់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្សប្រមាណ ៣,៧០០នាក់ នៅលើកប៉ាល់ទេសចរណ៍ឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងនៅទីក្រុង យ៉ូកូហាម៉ា (Yokohama) នៃប្រទេសជប៉ុន ត្រូវបន្តស្ថិតក្នុងបន្ទប់របស់ពួកគេ សម្រាប់រយៈពេលយ៉ាងតិចពីរសប្តាហ៍។ ការចាប់ផ្តើមពិនិត្យរកវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងចំណោមអ្នកដំណើររបស់កប៉ាល់ Diamond Princess ត្រូវបានធ្វើឡើងបន្ទាប់បុរសហុងកុងអាយុ ៨០ឆ្នាំម្នាក់ ដែលធ្លាប់ធ្វើដំណើរលើកប៉ាល់នោះ កាលពីខែមុនត្រូវគេធ្វើតេស្តឃើញថា មានផ្ទុកវីរុសនេះ។ លោកតាម្នាក់នោះបានឡើងជិះកប៉ាល់ Diamond Princess នៅ Yokohama កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយចុះនៅហុងកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

គួរជម្រាបថា ក្នុងចំណោមអ្នកឆ្លងវីរុសទាំង ៦១នាក់ មានជនជាតិជប៉ុន ២៨នាក់, អាមេរិក ១១នាក់, អូស្រ្តាលី និងកាណាដាមាន ០៧នាក់ដូចគ្នា, ចិនមាន ០៣នាក់ ខណៈចក្រភពអង់គ្លេស នូវែលសេឡង់ តៃវ៉ាន់ ហ្វីលីពីន និងអាហ្សង់ទីនមានម្នាក់ៗដូចគ្នា។ បើគិតទាំងអ្នកឆ្លងវីរុសនៅ លើកប៉ាល់ទេសចរណ៍ Diamond Princess ករណីវីរុសកូរ៉ូណា 2019-nCoV នៅក្នុងប្រទេសជប៉ុនបានកើនដល់ ៨៦ករណី ដែលច្រើនជាងគេបំផុតបន្ទាប់ពីចិន៕