Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន៖ ទារកម្នាក់ ក្លាយជាអ្នកឆ្លងវីរុសកូរ៉ូណា ក្មេងជាងគេបំផុតជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង

06-02-2020 13:58

(ប៉េកាំង)៖ ទារកចិនម្នាក់ ត្រូវបានគេពិនិត្យរកឃើញថាបានឆ្លងវីរុសកូរ៉ូណា ក្រោយចាប់កំណើតបានត្រឹមតែ៣០ម៉ោងប៉ុណ្ណោះ ហើយដែលនេះ គឺជាករណីឆ្លងលើ ទារកដំបូងគេបំផុត ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងទៀតថា ទារកខាងលើ កើតនៅថ្ងៃទី២ ខែកុម្ភៈ ក្នុងមន្ទីរពេទ្យមួយ នៅឯទីក្រុងវូហាន រីឯម្ដាយរបស់ទារករូបនេះ ត្រូវបាន គេធ្វើតេស្ដរកឃើញថាឆ្លងវីរុសកូរ៉ូណា មុននឹងគាត់សម្រាលកូន។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ថាតើ វីរុសកូរ៉ូណា ឆ្លងទៅទារករូបនេះ ដោយ របៀបណានោះទេ ខណៈទារកដែលមានទម្ងន់ ៣.២៥គីឡូក្រាមរូបនេះ កំពុងស្ថិតក្នុងស្ថានភាពនឹងនរ និងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់។

គួរជម្រាបថា បើតាមរបាយការណ៍ផ្លូវការពីអាជ្ញាធរចិន ចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៥៦៣នាក់ ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង៕