Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ប្រទេសបីបន្ថែមទៀតគឺហ្វីលីពីន ឥណ្ឌា និងហ្វាំងឡង់ រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីដំបូងដូចៗគ្នា!

30-01-2020 16:24

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន ឥណ្ឌា និងហ្វាំងឡង់នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ដូចគ្នាពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេ ខណៈចំនួនអ្នកសា្លប់ដោយសារវីរុសនេះ នៅក្នុងប្រទេសចិនបានកើនដល់ ១៧០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីន ស្ត្រីជាជនជាតិចិនម្នាក់មានអាយុ ៣៨ឆ្នាំ ដែលធ្វើដំណើរពីទីក្រុងវូហាន មកកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២១ ខែមករាកន្លងទៅ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ខណៈអាជ្ញាធរហ្វាំងឡង់ ក៏ទើបធ្វើការប្រកាសស្រដៀងគ្នានេះដែរ។ ចំណែឯអាជ្ញាធរឥណ្ឌាវិញ ក៏បានអះអាងផងដែរពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងរដ្ឋ ឃើរ៉ាឡា (Kerala) ដែលរកឃើញនៅលើនិស្សិតម្នាក់ កំពុងបន្តការសិក្សានៅក្នុងទីក្រុង វូហាន (Wuhan) ហើយអ្នកជំងឺរូបនេះកំពុងស្ថិតនៅក្រោមការព្យាបាលដាច់ឆ្ងាយពីគេឯង និងមានស្ថានភាពនឹងនរ។

គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង ៧,៨០០នាក់ទៀតបានឆ្លងទាំងនៅក្នុង ប្រទេសចិន និងទូទាំងពិភពលោក។ ខាងក្រោមនេះ គឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖

១៖ ប្រទេសចិនឆ្លង ៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ជប៉ុន ១១ករណី
៤៖ សិង្ហបុរី ១០ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ម៉ាឡេស៊ី ០៨ករណី
៨៖ ទីក្រុងម៉ាកាវ ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី
២១៖ ឥណ្ឌា ០១ករណី
២២៖ ហ្វីលីពីន ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ១៦៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕