អ៉ីរ៉ង់ថានឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ បើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ត្រូវបញ្ជូនទៅកាន់ UN (Video inside)
20-01-2020 21:56
(ឌូបៃ)៖ អ៉ីរ៉ង់បានព្រមានថានឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) បើសិនជាមហាអំណាចអឺរ៉ុប ហ៊ានបញ្ជូនកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Javad Zarif បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាបណ្ដាមហាអំណាចអឺរ៉ុប (បារាំង អាល្លឺម៉ង់ និងអង់គេ្លស) នៅតែបន្តប្រកាន់ភ្ជាប់នូវអាកប្បកិរិយាមិនត្រឹមត្រូវ ឬបញ្ជូនសំណុំរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះយើងនឹងដកខ្លួនចេញពីសន្ធិសញ្ញា NPT»។ លោក Zarif បន្ថែមទៀតថា អ៉ីរ៉ង់អាចនឹងចាត់វិធានការមួយ ចំនួនផងដែរ មុននឹងដកខ្លួនចេញពីសន្ធិសញ្ញនេះ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
គួរជម្រាបថា សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៨ ក្នុងគោលបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ ហើយមានប្រទេស១៩០ជាសមាជិក ដែលបាននាំគ្នាដាក់បម្រាមលើប្រទេសដទៃ មិនឱ្យមានអាវុធនុយក្លេអ៊ែរ ក្រៅពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។ ប៉ុន្តែ ប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង ឥណ្ឌា និងប៉ាគីស្ថានជាដើម មានអាវុធនុយក្លេអ៊ែររួចទៅហើយ ខណៈអ៊ីស្រាអែល ក៏ត្រូវ បានគេជឿជាក់ថាមានអាវុធនុយក្លេអ៊ែរផងដែរ បើទោះជារដ្ឋជ្វីបមួយនេះប្រកាន់គោលជំហរ «មិនទទួលស្គាល់ថាមាន ហើយក៏មិនដែលថាគ្មានអាវុធនុយក្លេអ៊ែរ ដែរ»៕