Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់ (Photo inside)

17-01-2020 12:40

(ស៊ីដនី)៖ ក្រោយពីការឆ្លងផុតមហន្តរាយភ្លើងឆេះព្រៃនោះ ឧទ្យានជាតិរ៉េបថាល (Reptile) នៃប្រទេសអូស្ត្រាលីពេលនេះកំពុងតែប្រឈមមុខគ្រោះទឹកជំនន់វិញ ដែលត្រូវបានបង្កឡើងដោយប្រព័ន្ធសម្ពាធទាប មានឥទ្ធិពលភ្លាមៗមកលើតំបន់សួនសត្វមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ឧទ្យានជាតិ Reptile ស្ថិតនៅភាគខាងជើងទីក្រុងស៊ីដនី គឺជាជម្រកនៃជីវៈចំរុះច្រើនប្រភេទ នៅក្នុងប្រទេសអូស្ត្រាលី ហើយពេលនេះវាកំពុងប្រឈមមុខនឹងទឹកជំនន់កើនឡើង ដែលបង្ខំឲ្យប្រជាជន និងអ្នកបម្រើការងារនៅក្នុងនោះ បិទទ្វារជាបណ្តោះអាសន្ន។ ទោះបីជាបែបនេះក្តី នាយកឧទ្យានខាងលើគឺលោក ធីម ហ្វកណឺ (Tim Faulkner) បានសម្តែងភាពភ្ញាក់ផ្អើលទៅវិញថា «វាពិតជាអស្ចារ្យណាស់! កាលពីសប្តាហ៍មុន យើងបានបើកកិច្ចប្រជុំរាល់ថ្ងៃតែម្តង ដើម្បីរិះរកវិធីទប់ទល់នឹងភ្លើងឆេះព្រៃ ដែលមានចម្ងាយត្រឹមតែ ៨គីឡូម៉ែត្រប៉ុណ្ណោះពីឧទ្យាន។ តែថ្ងៃនេះយើង និងក្រុមការងារទាំងមូល កំពុងធ្វើសកម្មភាពយ៉ាងលឿន ដើម្បីធានាសុវត្ថិភាពដល់សត្វរបស់យើង និងសង្គ្រោះឧទ្យានពីទឹកជំនន់»

ក្រុមការងារនៃឧទ្យាន និងអាជ្ញាធរអូស្ត្រាលី បាននិងកំពុងជម្លៀសសត្វផ្សេងៗចេញពីឧទ្យាន ដូចជា កូអាឡា (Koala) ជាដើមឆ្លងកាត់ទឹកជំនន់ ដែលកំពុងតែកើនឡើងជាបណ្តើរៗ ខណៈសត្វមួយចំនួនទៀត ដែលមិនចាំត្រូវយកទៅដូចជា ក្រពើ គឺពួកគេអាចត្រឹមអង្កេតវាជានិច្ច ដើម្បីកុំឲ្យសត្វដ៏សាហាវនេះរួចចេញពីទ្រុង។ នៅក្នុងមហន្តរាយភ្លើងឆេះព្រៃនៅទូទាំងប្រទេសអូស្ត្រាលី ជាពិសេសរដ្ឋ Victoria និង New South Wales ត្រូវបានគេសង្ស័យថា បានសម្លាប់សត្វព្រៃគ្រប់ប្រភេទអស់ខ្ទង់ ១ពាន់លានក្បាលហើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩៕