Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ក្រោយមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់រងការបាញ់មីស៊ីល (Video inside)

10-01-2020 23:58

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីបន្ថែមទៀតទៅលើអ៉ីរ៉ង់ បន្ទាប់ពី លោកបានសន្យាថានឹងធ្វើយ៉ាងដូច្នោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសង សឹកចំពោះការធ្វើឃាតមេទ័ពកំពូលរបស់ខ្លួន គឺលោក Qassem Soleimani ដោយយន្តហោះដ្រូនអាមេរិក នៅក្នុងទឹកដីអ៉ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន USA Today នៅយប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានលើកឡើងថា កញ្ចប់ទណ្ឌកម្មថ្មីនោះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីបញ្ឈប់សកម្មភាពភេរវកម្មនៃរបបដឹកនាំអ៉ីរ៉ង់ នៅទូទាំងសកលលោក ដែលវានឹងប៉ះពាល់ទៅលើវិស័យសំណង់ វិស័យផលិត វិស័យវាយនភណ្ឌ វិស័យរ៉ែ និងវិស័យដែក-ដែកថែប ជាដើមរបស់ប្រទេសអ៉ីរ៉ង់។ ក្រៅពីនេះ ក៏មានការដាក់ទណ្ឌកម្មទៅលើមន្រ្តី ជាន់ខ្ពស់អ៉ីរ៉ង់ចំនួន០៨រូបផងដែរ ដែលមានចំណែកចូលរួមពាក់ព័ន្ធ ក្នុងការបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ ដែលកងទ័ពអាមេរិកឈរជើង។

គួរជម្រាបថា កម្តៅនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានកើនឡើងដល់កម្រិតក្តៅគគុកតែម្តង បន្ទាប់ពី លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យសម្លាប់លោក Soleimani ដែលជាមេដឹកនាំកងអង្គភាពពិសេសនៃយោធាអ៉ីរ៉ង់ នៅឯ ប្រទេសអ៉ីរ៉ាក់។ ទង្វើនេះបានបង្ខំឲ្យអ៉ីរ៉ង់ចាត់វិធានការសងសឹកទៅវិញ តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋាន យោធានៅអ៉ីរ៉ាក់ ដែលជាកន្លែងឈរជើងរបស់កងទ័ពអាមេរិក។ ប៉ុន្តែដោយសារតែការបាញ់មីស៊ីលនោះ ពុំបានបង្កឲ្យមានកងទ័ព អាមេរិក ឬនរណាម្នាក់បាត់បង់ជីវិត លោក ត្រាំ បានប្រកាសថា លោកនឹងឆ្លើយតបទៅវិញ ត្រឹមតាមការដាក់ទណ្ឌកម្មបន្ថែមប៉ុណ្ណោះទៅលើប្រទេសអ៉ីរ៉ង់៕