BREAKING NEWS (Update): មនុស្សស្លាប់កើនដល់៤០នាក់, ២១៣នាក់រងរបួសក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់ (Video inside)
07-01-2020 20:17
(តេហេរ៉ង់)៖ ប្រជាជនអ៊ីរ៉ង់៤០នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតទទួលរងរបួស ដោយសារការរត់ជាន់លើគ្នា នៅក្នុងពិធីបុណ្យសព លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅយប់ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។
ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាកហើយឈាន ទៅដល់ការកើតមាន ហេតុការណ៍រត់ប្រជាន់លើគ្នា នៅពេលមឈូសលោកមេទ័ព ត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ។ មន្ត្រីគ្រប់គ្រងគ្រាមានអាសន្ន អ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់យ៉ាងដូច្នេះថា «ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសព បានកើនដល់ ៤០នាក់ និង២១៣នាក់ទៀតទទួលរងរបួស»។ ដោយសារហេតុនេះហើយ ទើបពិធីបញ្ចុះសពលោក Soleimani ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មី នឹងត្រូវប្រកាសនាពេលក្រោយទៀត។
គួរបញ្ជាក់ថា ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់ Qassem Soleimani ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ។ លោក Soleimani ដែលមួយរយៈចុងក្រោយនេះមានភាពល្បីល្បាញខ្លាំងក្នុង ទំព័រសារព័ត៌មានអន្តរជាតិ តាមរយៈការព្រមានសហរដ្ឋអាមេរិក ជាបន្តបន្ទាប់នោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកងទ័ពអាកាសអាមេរិក លើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕