Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្នាក់ងារពន្លត់អគ្គីភ័យអូស្ត្រាលីម្នាក់ទៀតហើយ បាត់បង់ជីវិតក្នុងអណ្តាតភ្លើងឆេះព្រៃ (Photo inside)

31-12-2019 12:57

(ស៊ីដនី)៖ អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តអូស្ត្រាលីម្នាក់ បានបាត់បង់ជីវិតកំឡុងពេលកំពុងប្រយុទ្ធតស៊ូ ជាមួយនឹងអណ្ដាតភ្លើងឆេះព្រៃនៅតំបន់ព្រំដែនរដ្ឋ ញូសោតវែលស៍ (New South Wales - NSW) និងរដ្ឋវិចតូរៀ (Victoria)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមការិយាល័យពន្លត់អគ្គីភ័យក្នុងតំបន់ អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តខាងលើ និងអ្នករួមដំណើរពីរនាក់នៅក្នុងរថយន្ដមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆេះព្រៃឡោមព័ទ្ធ នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ដោយបានឆាបឆេះរថយន្ដរបស់ពួកគេ។ នៅក្នុងហេតុការណ៍នេះមានភ្នាក់ងារទាំងបីនាក់ តែពីរម្នាក់បានរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែជាអកុសលភ្នាក់ងារមា្នក់ បានស្លាប់ក្នុងអណ្តាតភ្លើងឆេះព្រៃ ខណៈអ្នកបើកបររថយន្ដត្រូវបានគេស្គាល់ថា ជាកាពីទែនជើងចាស់ម្នាក់ ដែលមានបទពិសោធន៍ច្រើនជាង ៣៥ឆ្នាំមកហើយ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអូស្ត្រាលីមនុស្សជាង ៤,០០០នាក់ កំពុងជាប់គាំងចេញទៅណាមិនរួច នៅឯឆ្នេរមួយនៃទីក្រុង ម៉ាលឡាខូអូតា (Mallacoota) ដោយសារតែភ្លើងឆេះព្រៃកំពុងឡោមព័ទ្ធផ្លូវហាយវ៉េ ហើយបច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះ កំពុងប្រើប្រាស់វិធីជួយសង្រ្គោះ និងជម្លៀសអ្នកទាំងនេះតាមផ្លូវសមុទ្រ ដោយមានជំនួយពីយោធា៕