Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Microsoft ទទួលសិទ្ធិពីរដ្ឋាភិបាលអាមេរិក ដើម្បីរឹបអូសវែបសាយជាង៥០ ដែលប្រើប្រាស់ដោយ Hacker កូរ៉េខាងជើង!

31-12-2019 10:32

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft នាថ្ងៃចន្ទនេះបាននិយាយថា ខ្លួនទើបតែទទួលបានការអនុញ្ញាតឲ្យរឹបអូសវែបសាយ ដែលប្រើប្រាស់ដោយក្រុមចោរព័ត៌មានវិទ្យាពីកូរ៉េខាងជើង ដើម្បីធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត លើសកម្មជនសិទ្ធិមនុស្ស អ្នកស្រាវជ្រាវ និងបុគ្គលដទៃៗទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ខ្លួនត្រូវបានតុលាការសហព័ន្ធអាមេរិក អនុញ្ញាតឲ្យធ្វើការគ្រប់គ្រងវែបសាយប្រមាណជាង ៥០ ដែលកន្លងមក ស្ថិតក្រោមការធ្វើប្រតិបត្តិការដោយក្រុម Hacker ឈ្មោះថា ថាលលៀម (Thallium) ដែលបានបោកបញ្ឆោតអ្នកប្រើប្រាស់ នៅលើបណ្តាញអ៊ីនធើណិត តាមរយៈការក្លែងបន្លំប្រើឈ្មោះរបស់ក្រុមហ៊ុន Microsoft។ Microsoft បានឲ្យដឹងទៀតថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានប្រើបណ្តាញវែបសាយទាំងនោះ ដើម្បីចូលលុកលុយ ក៏ដូចជាលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ ព្រមទាំងលួចបញ្ចូលវីរុស ទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ពួកគេជាដើម។

ដោយផ្អែកលើព័ត៌មានដែលក្រុមហ៊ុន Microsoft ទទួលបាន គោលដៅរបស់ក្រុមចោរព័ត៌មានវិទ្យា Thallium រួមមានទាំងបុគ្គលិករដ្ឋាភិបាល ក្រុមអ្នកស្រាវជ្រាវ បុគ្គលិកសាកលវិទ្យា និងសមាជិកនៃអង្គការនានា ដែលផ្តោតលើសន្តិភាពពិភពលោក និងសិទ្ធិមនុស្ស ព្រមទាំងក្រុមបុគ្គលដែលធ្វើការងារ ពាក់ព័ន្ធនឹងបញ្ហានៃការរីកសាយអាវុធនុយក្លេអ៊ែរជាដើម ខណៈជនទាំងនោះភាគច្រើន មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

គួរជម្រាបថា ក្រុម Hacker ខាងលើគឺជាក្រុម Hacker របស់រដ្ឋាភិបាលនៃប្រទេសទី ៤ ហើយដែលក្រុមហ៊ុន Microsoft បានចាត់វិធានការឆ្លើយតប បន្ទាប់ពីការចេញចំណាត់ការស្រដៀងគ្នា ប្រឆាំងនឹងក្រុមចោរព័ត៌មានវិទ្យាដូចជាក្រុម បារៀម (Barium) របស់ចិន, ស្ត្រូនត្យូម (Strontium) របស់រុស្ស៊ី, និង ផូសផរឹស (Phosphorus) របស់អ៊ីរ៉ង់៕