Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង តាមដានសកម្មភាពកូរ៉េខាងជើង ក្រោយមានការអះអាងពី ការធ្វើតេស្ដដ៏សំខាន់មួយ

09-12-2019 14:00

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះ សកម្មភាពរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង អះអាងពីការធ្វើតេស្ដប្រកបដោយជោគជ័យ ដ៏សំខាន់មួយនៅឯកន្លែងបាញ់ផ្កាយរណប Sohae។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NHK នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

យោងតាម NHK រដ្ឋាភិបាលទីក្រុងតូក្យូ ក៏ជឿជាក់ដែរថា ការធ្វើតេស្ដដ៏សំខាន់របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ទំនងជាមានពាក់ព័ន្ធនឹងមីស៊ីសបាលិស្ទីគ ខណៈទីក្រុងសេអ៊ូល និងទីក្រុង វ៉ាស៊ីនតោន កំពុងវិភាគ និងតាមដានសកម្មភាពកូរ៉េខាងជើងដូចគ្នា។ ទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ អ្វីលម្អិតនោះទេពីការធ្វើតេស្ដរបស់ខ្លួន ប៉ុន្តែវាកើតឡើងក្រោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ប្រកាសថា នឹងផ្ញើកញ្ចប់កាដូបុណ្យណូអែល ឱ្យសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថាទីក្រុង ព្យុងយ៉ាង បានធ្វើតេស្តពោរពេញដោយសារសំខាន់មួយ នៅឯមូលដ្ឋានបាញ់ផ្កាយរណប Sohae កាលពីថ្ងៃសៅរ៍។ ចំណែកឯ លោក ដូណាល់ ត្រាំ ក៏បានព្រមានផងដែរថាកូរ៉េខាងជើងនឹងបាត់បង់អ្វីៗ គ្រប់យ៉ាង បើនៅតែបន្តធ្វើសកម្មភាពបង្ករឿង៕