Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN: មនុស្ស៥៧នាក់ស្លាប់ ក្នុងគ្រោះថ្នាក់លិចទូកដឹកជនអន្តោប្រវេសន៍ នៅឈូងសមុទ្រប្រទេសម៉ូរីតានី

05-12-2019 17:48

(អាហ្វ្រិក)៖ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បាន ឱ្យដឹងថាមនុស្ស៥៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍១៥០នាក់ ចេញដំណើរពី ប្រទេសហ្គាំប៊ី (Gambia) បានក្រឡាប់លិចនៅឯឈូងសមុទ្រនៃប្រទេសម៉ូរីតានី (Mauritania) នៅថ្ងៃពុធសប្ដាហ៍នេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter អង្គការ IOM បានគូសបញ្ជាក់ដូច្នេះថា៖ «អាជ្ញាធរម៉ូរីតានី បាននិយាយថាមនុស្ស ៥៧នាក់បានស្លាប់ ក្រោយទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅឯឈូងសមុទ្រនៃប្រទេសអាហ្រិ្វកមួយនេះ នៅថ្ងៃពុធនេះ»។ ប៉ុន្តែ ទន្ទឹមគ្នា IOM មិនបានលម្អិតពីចំនួនអ្នកបាត់ខ្លួន ឬអ្នកដែលត្រូវបានជួយសង្រ្គោះនោះទេ។

គួរជម្រាបថា ផ្លូវសមុទ្រដ៏គ្រោះថ្នាក់ពីទ្វីបអាហ្រ្វិកខាងលិច ទៅកាន់អឺរ៉ុប គឺជាផ្លូវធ្វើដំណើរមួយដ៏សំខាន់សម្រាប់ ជនអន្តោប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ និងកសាងជីវិត នៅលើទឹកដីអឺរ៉ុប បើទោះជាពួកគេដឹងថាត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ៕