Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើងសួរទៅអាមេរិក៖ តើចង់បានកាដូប្រភេទណា នៅថ្ងៃបុណ្យណូអែលចុងឆ្នាំនេះ? (Video inside)

03-12-2019 18:07

(ព្យុងយ៉ាង)៖ ខណៈកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កំពុងបន្តជាប់គាំងនៅឡើយ កូរ៉េខាងជើងនាថ្ងៃអង្គារនេះស្រាប់តែបានលើកឡើងថា វាអាស្រ័យទៅលើតែទីក្រុងវ៉ាស៊ីនតោនខ្លួនឯងប៉ុណ្ណោះថា តើចឹងចង់បានកាដូអ្វីសម្រាប់បុណ្យគ្រីស្មាស់ (Christmas)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

លោក រី ថែសុង (Ri Thae Song) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិកបានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងតែព្យាយាមអូសបន្លាយដំណើរការចរចានុយក្លេអ៊ែរ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំក្រោយ។ លោក Ri បាននិយាយដូច្នេះថា «កិច្ចចរចាដែលសហរដ្ឋអាមេរិកខំប្រឹងប្រែងអួតនោះ គឺគ្មានភាពអស្ចារ្យអ្វីក្រៅពីជាផែនការបោកបញ្ឆោត ដ៏ល្ងង់ខ្លៅរបស់ពួកគេ ដើម្បីចងកូរ៉េខាងជើងឲ្យជាប់ជាមួយការចរចានេះឡើយ ហើយប្រើប្រាស់វាទៅបម្រើស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅអាមេរិក»

លោក Ri ក៏បានសង្កត់ធ្ងន់ថា «យ៉ាងណាមិញឥឡូវនេះ គឺវាអាស្រ័យតែទៅលើអាមេរិកខ្លួនឯង ជាអ្នកជ្រើសរើសប៉ុណ្ណោះថា តើអាមេរិកចង់ជ្រើសរើសយកកាដូប្រភេទណា សម្រាប់ថ្ងៃបុណ្យគ្រីសស្មាស់កំឡុងចុងខែធ្នូនេះ»

គួរជម្រាបថា ដំណើរការចរចាស្តីពីកិច្ចប្រឹងប្រែង រំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានរៀបចំឡើងនៅក្រុងហាណូយ នៃប្រទេសវៀតណាមកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ។ រីឯជំនួបកម្រិតការងារជុំចុងក្រោយរវាងក្រុមមន្រ្តីនៃប្រទេសទាំងពីរ កាលពីខែតុលាកន្លងទៅនៅទីក្រុង ស្តុកហូម (Stockholm) នៃប្រទេសស៊ុយអែត ក៏ពុំមានលទ្ធផលវិជ្ជមានអ្វីដែរ។ លោក គីម ជុងអ៊ុន បានដាក់ថ្ងៃកំណត់នៅចុងឆ្នាំនេះ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលអាមេរិកហាក់បានព្រងើយកន្តើយ ចំពោះការព្រមាននោះ៕