Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងខែវិច្ឆិកានេះ វៀតណាមកាត់ទោសសកម្មជន៣នាក់ ឲ្យជាប់ពន្ធនាគារពីបទបង្ហោះសារលើបណ្តាញសង្គមប៉ះពាល់ដល់រដ្ឋអំណាច (Video inside)

28-11-2019 20:53

(ហាណូយ)៖ វៀតណាម បានកាត់ទោសសកម្មជនម្នាក់ដាក់ពន្ធនាគារ៩ឆ្នាំ ពីបទបង្ហោះសារប្រឆាំង និងបង្ខូចកិត្តិយស គណកបក្សកុម្មុយនិស្ដ និងរដ្ឋាភិបាលទីក្រុងហាណូយ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ការផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) លោក Pham Van Diep មានអាយុ៥៤ឆ្នាំ ជាសកម្មជនម្នាក់មកពី ខេត្ត Thanh Hoa ភាគខាងជើងប្រទេសវៀតណាម ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៩ឆ្នាំ ពីបទបង្ហោះសារប្រឆាំង និងបង្ខូចកិត្តិយសគណកបក្សកុម្មុយនិស្ដ និងរដ្ឋាភិបាលនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅចន្លោះខែមេសា ឆ្នាំ២០១៤ និងខែមិថុនា ឆ្នាំ២០១៩។ VNA បន្ថែមទៀតថា លោក Diep ក៏ត្រូវបានគេចោទផងដែរ ពីបទចែកចាយព័ត៌មានក្លែងក្លាយ និងគ្មានមូលដ្ឋានពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេស ដោយបង្កការ យល់ច្រឡំចំពោះរដ្ឋាភិបាល និងគណបក្សកុម្មុយនិស្ដវៀតណាម។

គួរបញ្ជាក់ថា លោក Pham Van Diep គឺជាសកម្មជនទី៣ហើយ ដែលត្រូវបានតុលាការវៀតណាម កាត់ទោសដាក់ ពន្ធនាគារនៅក្នុងខែវិច្ឆិកានេះ បន្ទាប់ពីគ្រូបង្រៀនតន្ត្រីម្នាក់ ត្រូវជាប់ពន្ធនាគារ១១ឆ្នាំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រោមបទចោទស្រដៀងគ្នានេះ និងបុរសម្នាក់ទៀត មានអាយុ៣៨ឆ្នាំ ជាប់ចោទថាបានបង្ហោះវីដេអូចំនួន៣៣ឃ្លីប ដែល ញុះញង់ឱ្យប្រជាជនវៀតណាម ធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល។

បើទោះជាមានការបើកចំហរទៅកាន់ផ្លាស់ប្ដូរសង្គាម និងកំណែទម្រង់សេដ្ឋកិច្ចក៏ដោយ ក៏គណបក្សកម្មុយនិស្ត វៀតណាម នៅតែមិនអត់ឱនឱ្យឡើយចំពោះអ្នករិះគន់ដល់ខ្លួន និងថ្នាក់ដឹកនាំ ដូចជាលោក Nguyen Phu Trong ដែលបានបង្កើនការបង្ក្រាបក្រុមអ្នករិះគន់ និងសកម្មជន ចាប់តាំងពីជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០១៦មក។

ជាក់ស្ដែង មនុស្សយ៉ាងហោចណាស់ ១៦នាក់ ត្រូវបានចាប់ឃុំខ្លួន ឬត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០១៩នេះ ពីបទបង្ហោះសារប្រឆាំងរដ្ឋាភិបាលនៅលើ Facebook ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិនានា អះអាងថានៅមាន អ្នកទោសនយោបាយ១២នាក់ទៀត កំពុងជាប់ឃុំក្រោមបទចោទដូចគ្នានេះ៕