ពេលវេលាមិនស័ក្តិសម! លោក គីម ជុងអ៊ុន បដិសេធចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន (Video inside)
21-11-2019 16:00
(សេអ៊ូល)៖ កូរ៉េខាងជើង បានទាត់ចោលការអញ្ជើញសម្រាប់លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុងសេអ៊ូល ជាមួយបណ្ដាប្រទេសអាស៊ាន នៅសប្ដាហ៍ក្រោយនេះ ដោយបញ្ជាក់ថាពេលវេលាបច្ចុប្បន្ន មិនស័ក្តិសម ខណៈទំនាក់ទំនងរវាងកូរ៉េទាំងពីរកំពុងជាប់គាំង។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងដូច្នេះថា៖ «ស្របពេលអរគុណទីក្រុងសេអ៊ូល សម្រាប់ការអញ្ជើញនេះ កូរ៉េខាងជើងចង់ឱ្យកូរ៉េខាងត្បូងយល់ថា យើងមិនអាចស្វែងរកហេតុផលត្រឹមត្រូវ ដើម្បីឱ្យលោកប្រធានគីម ចូលរួមនោះទេ»។ លើសពីនេះទៅទៀត សេចក្ដីថ្លែងការណ៍ដដែល ក៏បានចោទប្រកាន់ដែរថាកូរ៉េខាងត្បូង បាននិងកំពុងបំផ្លាញទំនាក់ទំនងជាមួយ កូរ៉េខាងជើង តាមរយៈការពឹងផ្អែកលើសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាអន្តរកូរ៉េ។
គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានផ្ញើលិខិតអញ្ជើញទៅកាន់លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងសេអ៊ូល ជាមួយបណ្ដាប្រទេសអាស៊ាន បើសិនជាលោក គីម អាចចូលរួមបាន។ ក្រៅពីជំនួបនេះ លោក មូន ក៏ត្រូវនឹងរៀបចំផងដែរនូវកិច្ចប្រជុំកំពូល ជាមួយអាស៊ាន ក្នុងទីក្រុងកំពង់ផែ ប៊ូសាន (Busan) នៅសប្ដាហ៍ក្រោយ ដើម្បីប្រារព្ធខួបលើកទី៣០នៃ ទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន៕