ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩! (Photo inside)
20-11-2019 20:19
(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធាអាមេរិកពីរនាក់បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ។
២៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងផ្តល់នូវនាវាល្បាតចំនួនមួយគ្រឿងទៀត ទៅដល់ប្រទេសវៀតណាម ដើម្បីបង្កើនចំនួននាវាល្បាត ដែលប្រទេសអាស៊ានមួយនេះមានស្រាប់ ស្ថិតនៅចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង ជាមួយមហាយក្សចិន។
៣៖ សម្តេចប៉ាប ហ្រ្វង់ស៊ីស នាថ្ងៃពុធនេះបានយាងមកដល់ប្រទេសថៃ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច រយៈពេល ០៧ថ្ងៃនៅតំបន់អាស៊ី។
៤៖ ទីបំផុតតុលាការធម្មនុញ្ញនៅប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រមរបស់ខ្លួន ពាក់ព័ន្ធសំណុំរឿងបំពាន ច្បាប់បោះឆ្នោត របស់មេបក្សប្រឆាំងមួយរូបគឺលោក ថាណាថន ចងរូងរួងឃីត (Thanathorn Juangroongruangkit) ដោយតុលាការបានសម្រេចថា លោកពិតជាមានទោសដូចការចោទប្រកាន់មែន។
៥៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងត្រៀមធ្វើតេស្តយានរ៉ូបូតមួយគ្រឿង ក្នុងខែវិច្ឆិកានេះនៅតំបន់ ទ្វីបអង់តាក់ទិក (ប៉ូលខាងត្បូង) ដែលវាត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីរុករកទម្រង់ជីវិត នៅក្នុងទឹកសមុទ្រដ៏ត្រជាក់ក្រោមផ្ទាំងទឹកកក។
៦៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងហាមឃាត់ការប្រើប្រាស់ព្រមទាំងការនាំចូលនៃផលិតផល បារីអេឡិចត្រូនិច (E-Cigarette) ហើយជនណាដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវចាប់ខ្លួន៕