Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបក្សប្រឆាំងថៃអស់តំណែងជាសមាជិកសភា ក្រោយតុលាការធម្មនុញ្ញចេញសាលក្រម

20-11-2019 17:19

(បាងកក)៖ ទីបំផុតតុលាការធម្មនុញ្ញនៅប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រមរបស់ខ្លួន ពាក់ព័ន្ធសំណុំរឿងបំពានច្បាប់បោះឆ្នោត របស់មេបក្សប្រឆាំងមួយរូបគឺលោក ថាណាថន ចងរូងរួងឃីត (Thanathorn Juangroongruangkit) ដោយតុលាការបានសម្រេចថា លោកពិតជាមានទោសដូចការចោទប្រកាន់មែន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Thanathorn អាយុ ៤០ឆ្នាំ ដែលជាប្រធានគណបក្សនយោបាយថៃឆ្ពោះទៅរកអនាគត (Future Forward) ត្រូវបានតុលាការធម្មនុញ្ញថៃកាត់សេចក្តីថា លោកពិតជាមានទោសកំហុសមែន ដោយសារការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនព័ត៌មាន V-Luck Media នៅពេលដាក់ពាក្យឈរឈ្មោះធ្វើជាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលនៅប្រទេសថៃ ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០១៩។ លោក Thanathorn ធ្លាប់បានអះអាងថា លោកបានផ្ទេរភាគហ៊ុនទាំងនោះអស់ទៅហើយ នៅមុនការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត។

គួរជម្រាបថា តាមរយៈសាលក្រមខាងលើ លោក Thanathorn Juangroongruangkit នឹងត្រូវបាត់បង់តួនាទីជាសមាជិកសភា ហើយក៏មិនអាចធ្វើនយោបាយបានទៀតនោះដែរ។ គណបក្ស Future Forward របស់លោក ស្ថិតក្នុងចំណោមសម្ព័ន្ធបក្សប្រឆាំងនៅប្រទេសថៃ ដែលបានចោទប្រកាន់អតីតរដ្ឋាភិបាលយោធាថៃថា បានកែប្រែច្បាប់បោះឆ្នោត ដើម្បីធានាឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់តំណែងនៅក្នុងរដ្ឋាភិបាលស៊ីវិលថ្មី។ គណបក្សនេះ ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេទី ៣ ក្នុងការបោះឆ្នោតកាលពីខែមីនា បន្ទាប់ពីគណបក្ស ភឿថៃ (Pheu Thai) និងគណបក្សផាឡាងប្រាឆារ៉ាត់ (Palang Pracharat)៕