Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានការណ៍នៅបូលីវីកាន់តែវឹកវរ ក្រោយប្រធានាធិបតីលាលែងពីតំណែង, គ្រួសារមន្ត្រីទូតអាមេរិកត្រូវជម្លៀសចេញជាបណ្តើរៗហើយ (Video inside)

13-11-2019 12:59

(បូលីវី)៖ ក្រសួងការបរទេសអាមេរិកបានអនុញ្ញាតឲ្យ ជម្លៀសខ្លួនសមាជិកគ្រួសារ នៃបុគ្គលិករដ្ឋាភិបាលអាមេរិក ដែលកំពុងបំពេញការងារនៅក្នុងប្រទេសបូលីវី និងបានដាក់ឈ្មោះប្រទេសអាមេរិកឡាទីននេះ ចូលក្នុងបញ្ជីក្រហមហាមឃាត់ការធ្វើដំណើរ ចំពោះមុខស្ថានការណ៍ដ៏តានតឹងដែលកំពុងកើតមាននៅបូលីវី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងដូច្នេះថា «នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបានបង្គាប់ឲ្យ សមាជិកគ្រួសារនៃបុគ្គលិករដ្ឋាភិបាលអាមេរិក និងអនុញ្ញាតឲ្យបុគ្គលិករដ្ឋាភិបាលអាមេរិកទាំងឡាយណា ដែលមានតួនាទីមិនសូវចាំបាច់ ត្រឡប់ចាកចេញមកកាន់ប្រទេសខ្លួនវិញ ដោយសារតែបញ្ហាអស្ថិរភាពនយោបាយនៅក្នុងប្រទេសបូលីវី»។ ក្រសួងការបរទេសអាមេរិកក៏ បានហាមប្រឆាំងនឹងការធ្វើដំណើរទៅកាន់បូលីវីផងដែរ ដោយបានចាត់ថ្នាក់ប្រទេសអាមេរិកឡាទីនមួយនេះ ជាគោលដៅគ្រោះថ្នាក់កម្រិតទី ៤។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីបូលីវីលោក អ៊ីវ៉ូ ម៉ូរ៉ាលែស (Evo Morales) បានសម្រេចលាលែងពីតំណែង នៅចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅតាមទីក្រុងជាច្រើនជុំវិញប្រទេស ដែលបន្តរហូតមកដល់ពេលនេះ ដោយពួកគេជំទាស់នឹងជ័យជម្នះលោកក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីខែតុលា។ រីឯនាថ្ងៃអង្គារសប្តាហ៍នេះអនុប្រធានទី ២ នៃព្រឹទ្ធសភា បូលីវី លោកស្រី ហ្ស៊ានីន អាណេស (Jeanine Anez) បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្តីទី ដោយពុំមានការបោះឆ្នោតសម្រេចជាផ្លូវការ ណាមួយពីសណាក់សភាបូលីវីឡើយ៕