News Update: សពមនុស្សជិត៤០នាក់ ដែលរកឃើញក្នុងរថយន្តកុងតឺន័រនៅអង់គ្លេស ទំនងជាជនជាតិចិនទាំងអស់ (Video inside)
24-10-2019 21:04
(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានប្រាប់ថា សាកសពមនុស្សទាំង៣៩នាក់ ដែលត្រូវបានគេរកឃើញក្នុង ទូររថយន្តកុងតឺន័រមួយគ្រឿង នៅចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ទំនងជាជនជាតិចិនទាំងអស់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
ប៉ូលិសអង់គ្លេសនៃទីក្រុង Essex បានឲ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មាន៨នាក់ជាស្រ្តី និង៣១នាក់ជាបុរស ហើយទំនង ជា ជនជាតិ ចិនទាំងអស់។ រីឯបុរសម្នាក់ជាអ្នកបើកបររថយន្ត ដែលត្រូវបានឃាត់ខ្លួនក្នុងថ្ងៃជាមួយគ្នា ពីបទសង្ស័យ មនុស្សឃាតនោះ កំពុងបន្តស្ថិតក្រោមការឃុំឃាំងដដែល។
បើតាមប៉ូលិសអង់គ្លេស ក្បាលរថយន្តកុងតឺន័រខាងលើ បានចូលមកដល់ចក្រភពអង់គ្លេស តាមទីក្រុង Holyhead នៅតំបន់ North Wales នៃប្រទេស Wales កាលពីថ្ងៃទី២០ ខែតុលា ក្រោយចេញមកពីទីក្រុង Dublin នៅអៀរឡង់។ បន្ទាប់មក រថយន្តនោះបាន ទៅដឹកទូរកុងតឺន័រ ដែលធ្វើដំណើរពីទីក្រុង Zeebrugge នៃប្រទេសប៊ែលហ្សិក មកដល់កំពង់ផែនៃក្រុង Purfleet នៅតំបន់ Essex របស់ចក្រភពអង់គ្លេស នៅថ្ងៃទី២៣ ខែតុលា។ ក្រោយមកទៀត រថយន្តនិងទូរកុងតឺន័រ បានចាកចេញពីកំពង់ផែនោះ ហើយបាន ជិតមួយម៉ោង ពេលមកដល់សួនឧស្សាហកម្ម Waterglade Industrial Park ខាងកើតទីក្រុងឡុងដ៍ ក៏មានការរកឃើញសាកសព មនុស្សទាំង៣៩នាក់ នៅក្នុងទូរកុងតឺន័រតែម្តង។
គួរជម្រាបថា ស្ថានទូតចិននៅទីក្រុងឡុងដ៍ កំពុងបន្តការទាក់ទងជាមួយប៉ូលិសអង់គ្លេស ដើម្បីទទួលការបញ្ជាក់ឲ្យច្បាស់ជុំវិញ ហេតុការណ៍ដ៏រន្ធត់នេះ ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត៕