តុលាការហុងកុងចេញសេចក្តីបង្គាប់មួយ ដើម្បីការពារសុវត្ថិភាពមន្ត្រីប៉ូលិស និងសណ្តាប់ធ្នាប់ ពីការវាយប្រហាររបស់ក្រុមបាតុករ (Video Inside)
15-10-2019 10:15
(ហុងកុង)៖ តុលាការនៅក្នុងទីក្រុងហុងកុងបានចេញបង្គាប់មួយ ដោយហាមឃាត់រាល់សកម្មភាពទាំងឡាយណា ដែលរាំងខ្ទប់ ឬក៏បំផ្លាញដល់តំបន់ត្រូវបានប្រើប្រាស់ ជាកន្លែងស្នាក់នៅរបស់មន្ត្រីប៉ូលិស និងមន្ត្រីសណ្ដាប់ធ្នាប់ដទៃៗទៀត ដែលកំពុងស្ថិតនៅក្រោយគោលដៅវាយប្រហារ ពីសំណាក់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប៉ូលិសហុងកុងក៏បានឱ្យដឹងដែរថា ក្រុមបាតុករបានឡោមព័ទ្ធសង្កាត់ដែលប៉ូលិសស្ថិតនៅ នៅក្នុងបាតុកម្មតវ៉ាកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។ បន្ថែមពីលើនេះ អំពើហិង្សាក៏បានផ្ទុះឡើងផងដែរ ដោយក្រុមបាតុករមួយចំនួនកប់ដបសាំង និងបិទផ្លូវជាច្រើន ជាហេតុធ្វើប៉ូលិសប្រើប្រាស់កណុងបាញ់ទឹក បាញ់គ្រាប់កំាភ្លើងជ័រ ក៏ដូចជាគ្រាប់កាំភ្លើង ដើម្បីព្រមានបំបែកហ្វូងបាតុករ។
គួរជម្រាបថា សេចក្ដីបង្គាប់ខាងលើរបស់តុលាការហុងកុង ក៏បានហាមឃាត់ផងដែរនូវការបិទផ្លូវ ព្រមទាំងការបាញ់ឡាស៊ែរ និងឧបករណ៍ជះពន្លឺដទៃទៀតទៅលើអគារ ឬក៏កន្លែងស្នាក់នៅរបស់ប៉ូលិសហុងកុង។ បាតុកម្មហាក់ដូចជាគ្មានសញ្ញាថា ធូរស្រាលនោះឡើយ ខណៈអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ក៏ត្រៀមចេញសេចក្តីថ្លែងការណ៍មួយផងដែរ នៅក្នុងសប្តាហ៍នេះ៕