Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុងកំណាចរំកិលជិតដល់ជប៉ុនហើយ ដែលបង្ខំឲ្យចរាចរណ៍នានា និងការប្រកួតកីឡាជាច្រើនត្រូវផ្អាក

10-10-2019 17:40

(តូក្យូ)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ហាហ្គីប៊ីស (Hagibis) បាន និងកំពុងធ្វើដំណើរយ៉ាងលឿនសំដៅមកកាន់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំឱ្យអាជ្ញាធរលុបចោលការប្រកួត កីឡាបាល់ឱបពិភពលោកចំនួនពីរប្រកួត រួមទាំងសេវាធ្វើដំណើរ និងដឹកជញ្ជូនជាច្រើននៅក្នុងស្រុក ខណៈការប្រណាំង Formula One នៅចុងសប្ដាហ៍នេះក៏ទំនងជារងការរំខានផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis កំពុងបក់បោកឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក តម្រង់មកកាន់ប្រទេសជប៉ុន ហើយវាក៏ត្រូវបានគេរំពឹងដែរថា អាចនឹងវាយប្រហារលើតំបន់ដីគោក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ដូច្នេះហើយដើម្បីបង្ការគ្រោះថ្នាក់នានា អាជ្ញាធរជប៉ុនបានណែនាំឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ រលកសមុទ្រធំៗ និងគ្រោះរអិលបាក់ដីជាដើម។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នេះប្រទេសជប៉ុន បានរងគ្រោះដោយសារខ្យល់ព្យុះជាច្រើនលើក មានទាំងតូចទាំងធំ។ ជាក់ស្ដែងព្យុះទីហ្វុង Faxai ដែលបានវាយប្រហារលើជប៉ុន កាលពីខែកញ្ញាកន្លងទៅនេះ បានបំផ្លាញ ឬធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាជន ៣០,០០០ខ្នង ព្រមទាំងបង្កការដាច់ចរន្តអគ្គិសនីរយៈពេលយូរផងដែរ៕