Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភាអាមេរិកកំពុងរៀបចំ «កញ្ចប់ទណ្ឌកម្មដ៏ធំសម្បើម» ដើម្បីទម្លាក់លើប្រទេសតួកគី!

10-10-2019 10:42

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសតួកគី ដោយសារតែការបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ហើយក៏អាចឈានដល់ការឈប់លក់អាវុធ ឲ្យសម្ព័ន្ធមិត្តមួយនេះផងដែរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងនោះរួមមានចំណាត់រឹតត្បិតមួយចំនួន ដូចជាការហាមឃាត់ទិដ្ឋាការថ្នាក់ដឹកនាំរបស់តួកគី, ការដាក់ទណ្ឌកម្មលើប្រទេសនានាផ្សេងទៀត ដែលមានកិច្ចសហប្រតិបត្តិការជាមួយតួកគី ក្នុងវិស័យថាមពលនិងយោធា, ការដាក់ទណ្ឌកម្មតួកគីជុំវិញការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 និងការហាមឃាត់ការលក់អាវុធរបស់អាមេរិក ទៅឲ្យតួកគីជាដើម។ លោក ដូណាល់ ត្រាំ ក៏បានសម្តែងការ គាំទ្រឲ្យដាក់ទណ្ឌកម្មលើតួកគី ដោយសារការបើកប្រតិបត្តិការយោធារបស់តួកគី នៅភាគខាងជើងស៊ីរីផងដែរ។

គួរជម្រាបថា នៅក្នុងប្រទេសស៊ីរី សហរដ្ឋអាមេរិកបានជួយគាំទ្រក្រុមអ្នកប្រយុទ្ធឃើដ ក្នុងយុទ្ធនាការកម្ចាត់ក្រុមភេរវករ ISIS ប៉ុន្តែកងកម្លាំងឃើដត្រូវបានតួកគីមើលឃើញថា ជាដៃជើងរបស់គណបក្សពលករឃើដ PKK នៅតួកគី ដែលទីក្រុងអង់ការ៉ាចាត់ទុកជាអង្គភេរវកម្ម។ ដោយឡែកមនុស្សជាង ៧០នាក់នៅតួកគី ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ ពីបទធ្វើការផ្សព្វផ្សាយមិនល្អ អំពីប្រតិបត្តិការយោធាតួកគីនៅក្នុងប្រទេសស៊ីរី។

នាថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានប្រកាសចាប់ផ្តើមប្រតិបត្តិការយោធា នៅភាគខាងជើងប្រទេសស៊ីរីប្រឆាំងនឹងក្រុម ISIS ព្រមទាំងក្រុមឃើដ។ លោក អឺដូហ្គាន់ បាននិយាយថា គោលដៅនៃប្រតិបត្តិការនេះ គឺកម្ទេចរាល់ការគំរាមកំហែងនានា ហើយបង្កើតតំបន់សុវត្ថិភាពមួយនៅតំបន់នោះ។ រីឯសហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីភាគខាងជើងស៊ីរី ហើយបានប្រកាសមិនគាំទ្រ និងព្រមានប្រឆាំងនឹងប្រតិបត្តិការយោធារបស់តួកគីផងដែរ៕