Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីវ័យក្មេងម៉ាឡេស៊ី៖ «ការកំណត់ពេលពីរឆ្នាំដើម្បីផ្ទេរអំណាចពីលោក មហាធៀ ទៅឲ្យលោក អាន់វ៉ា គ្មានឡើយក្នុងកិច្ចព្រមព្រៀង» (Video inside)

30-09-2019 16:43

(គូឡាឡាំពួរ)៖ គណបក្សកំពុងកាន់អំណាច ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) (PH) មិនបានបញ្ជាក់ពីការកំណត់កាលបរិច្ឆេទ ០២ឆ្នាំក្នុងការផ្ទេរអំណាចពីលោក មហាធៀ មហាម៉ាត់ ឱ្យទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នោះឡើយ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ីដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីយុវជនម៉ាឡេស៊ី លោក សាយ៉េដ អាប់ឌុល រ៉ាហ៍ម៉ាន់ (Syed Saddiq Syed Abdul Rahman) បានលើកឡើងដូច្នេះថា «ការកំណត់រយៈពេលពីរឆ្នាំ ដើម្បីផ្ទេរអំណាចពីលោក មហាធៀ ទៅឱ្យលោក អាន់វ៉ា មិនមានចែងឡើយនៅក្នុងកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា... ខ្ញុំក៏មានវត្តមាននៅក្នុងពិធីចុះហត្ថលេខានោះដែរ ដូច្នេះបើវាមិនមានចែងទេ ហេតុអ្វីបានជាត្រូវកុហកប្រជាជន? ហេតុអ្វីបង្ខំឱ្យលោក មហាធៀ លាលែងចេញពីតំណែងនៅពេលនេះ ខណៈដែលយើងមិនដែលយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះ?»

គួរបញ្ជាក់ថា លោក មហាធៀ មហាម៉ាត់ មានអាយុ ៩៤ឆ្នាំធ្លាប់បានសន្យាថា នឹងប្រគល់អំណាចឱ្យអតីតមេបក្សប្រឆាំង លោក អាន់វ៉ាន់ អ៊ីបា្រហ៊ីម មិនឱ្យលើសពីរយៈពេល ០២ឆ្នាំឡើយ ប៉ុន្តែពេលវេលាជាក់លាក់មិនត្រូវបានកំណត់នោះទេ។ ម្យ៉ាងវិញទៀតលោក មហាធៀ កាលពីសប្ដាហ៍មុនបានសន្យាជាថ្មីថា លោកនឹងលាលែងចេញពីតំណែង នៅមុនការបោះឆ្នោត សកលដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣៕