Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ តែងតាំងលោក Robert C. O'Brien ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី (Video inside)

18-09-2019 21:15

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងលោក Robert C. O'Brien ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី ជំនួសលោក ចន បូលតុន ដែលត្រូវបានបណ្ដេញពីតំណែង កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូម ប្រកាសថាខ្ញុំនឹងតែងតាំងលោក Robert C. O’Brien ដែលបច្ចុប្បន្ន គឺជាបេសកជនពិសេសដ៏ជោគជ័យម្នាក់របស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង នៃក្រសួងការបរទេសអាមេរិក ជាទីប្រឹក្សាសន្តិសុខជាតិថ្មី របស់យើង...ខ្ញុំបានធ្វើការងារយ៉ាងយូរ និងយ៉ាងខ្លាំងជាមួយលោក Robert ហើយខ្ញុំជឿថាលោកនឹងបំពេញ តួនាទីនេះបានយ៉ាងល្អ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបណ្ដេញលោក ចន បូលតុន ចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ អាមេរិកកាលពីសប្ដាហ៍មុន ដោយសារតែលោកមិនពេញចិត្តជាខ្លាំងចំពោះទីប្រឹក្សារូបនេះ ពាក់ព័ន្ធនឹងបញ្ហា ជាច្រើនក្នុងនោះមានដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ជាដើម។ លោក Robert នឹងក្លាយជា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកទី៤ របស់លោក ដូណាល់ ត្រាំ ចាប់តាំង ពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក មកទល់នឹងពេលនេះ៕