Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ ជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ អាចនឹងធ្វើឡើងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ (Video inside)

05-09-2019 09:19

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាជំនួបជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani អាចនឹងត្រូវធ្វើឡើងនាឱកាសនៃកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅខែកញ្ញានេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន នៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ ជុំវិញលទ្ធភាពនៃជំនួបជាមួយលោក Rouhani។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតប្រាកដ ណាស់អ្វីៗគឺអាចទៅរួច...ពីព្រោះពួកគេ (អ៊ីរ៉ង់) ចង់ដោះស្រាយបញ្ហារបស់ខ្លួន ហើយយើង អាចដោះស្រាយបញ្ហា (អតិផរណា) របស់ពួកគេក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ»

គួរជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងជាសាធារណៈពីលទ្ធភាពនៃជំនួប ជាមួយប្រធានាធិបតីអ៊ីរ៉ង់ជាច្រើនលើករួចមកហើយ។ ប៉ុន្តែ អ៊ីរ៉ង់បានបញ្ជាក់ដដែលៗថា ជំនួបជាមួយសហរដ្ឋអាមេរិក នឹងមិនអាចកើតឡើងឡើយ បើទីក្រុងវ៉ាស៊ីនតោនមិនព្រម ដកទណ្ឌកម្មជាមុនសិនទេនោះ៕