Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចហើយ ដើម្បីជួបប្រធានាធិបតីអ៊ីរ៉ង់ ក្នុងជំនួបមួយទល់នឹងមួយ (Video inside)

27-08-2019 09:12

(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងជួបជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅពេលវេលាសក្តិសមណាមួយ ដើម្បីដោះស្រាយ បញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បង្ហើបពីបំណងចង់ជួបលោក រូហានី កំឡុងពេលធ្វើសន្និសិទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសនៃកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «បើសិនជាពេលវេលាសក្តិសម ខ្ញុំអាចនឹងជួបជាមួយគាត់ (លោក រូហានី)»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ហាសាន់ រូហានី នឹងត្រូវចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅចុងខែកញ្ញា ខាងមុខនេះ ជាទីដែលមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយគ្នា៕