មេទ័ពអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចស្រេចដើម្បីទៅការពារកប៉ាល់ដឹកប្រេង ដែលអាមេរិកចង់តាមចាប់ ក្រោយអង់គ្លេសដោះលែង
26-08-2019 10:02
(តេហេរ៉ង់)៖ មេទ័ពជើងទឹកអ៊ីរ៉ង់ លោក Habibollah Sayyari នាថ្ងៃអាទិត្យ បាននិយាយថា កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅធ្វើដំណើរអមការពារកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលទើបតែត្រូវបានដោះលែងដោយ អាជ្ញាធរអង់គ្លេស នៅតំបន់ Gibraltar ប្រសិនបើជារឿងចាំបាច់ ខណៈអាមេរិកបានចេញដីកាចង់តាមចាប់កប៉ាល់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
លោក Sayyari បានលើកឡើងដូច្នេះថា «យោធាជើងទឹកអ៊ីរ៉ង់ ត្រៀមលក្ខណៈរួចស្រេច ដើម្បីការពារកប៉ាល់របស់ប្រទេសអ៊ីរ៉ង់ មិនថានៅពេលណា ឬទីកន្លែងណាក៏ដោយ បើសិនជាចាំបាច់»។ កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះ Grace 1 ត្រូវអង់គ្លេសចាប់ឃាត់ទុកនៅតំបន់ Gibraltar ដែលនៅចន្លោះអេស៉្បាញនិងម៉ារ៉ុក ដោយសារការអះអាងពីអាមេរិកថា កប៉ាល់នោះដឹកប្រេងឆ្ពោះទៅស៊ីរី ល្មើសនឹងទណ្ឌកម្មដែលសហភាពអឺរ៉ុបបានដាក់លើស៊ីរី។
យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បានប្រកែកថាវាមិនពិតនោះទេ និងបានថ្កោលទោសការរឹបអូសកប៉ាល់របស់ខ្លួនថា គ្មានអ្វីខុសពីចោរសមុទ្រឡើយ ហើយទាមទារឲ្យមានការដោះលែងវិញជាបន្ទាន់។ ក្រោយការស៊ើបអង្កេត អាជ្ញាធរនៅតំបន់ Gibraltar ដែលជាដែនដីរបស់ចក្រភពអង់គ្លេស ក៏បានសម្រេចដោះលែងកប៉ាល់ដឹកប្រេង Grace 1 វិញ នៅថ្ងៃទី១៥ ខែសីហា ចំពោះមុខការព្យាយាមបញ្ចុះបញ្ចូលឲ្យបន្តឃាត់ទុកពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
គួរជម្រាបថា ទោះជាបែបនេះក្តី អាមេរិកបានចេញដីកាដើម្បីតាមចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ខាងលើ។ ក្រោយត្រូវអង់គ្លេសដោះលែង កប៉ាល់ Grace 1 បានប្តូរឈ្មោះថ្មីជា Adrian Darya។ សម្រាប់គោលដៅធ្វើដំណើរវិញ ពីដំបូងឡើយ គឺមានសេចក្តីរាយការណ៍ថា វានឹងឆ្ពោះទៅប្រទេសក្រិច ប៉ុន្តែឥឡូវមានការរាយការណ៍ថា វានឹងឆ្ពោះទៅតួកគី៕