Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ចង់បើកស្ថានកុងស៊ុល នៅលើទឹកដី Greenland

24-08-2019 21:49

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងមានផែនការបើកស្ថានកុងស៊ុល អាមេរិក នៅលើដែនគ្រីនលែនដ៍ (Greenland) ជាលើកដំបូងបំផុត ក្នុងរយៈពេលរាប់ទសវត្សរ មកនេះ បន្ទាប់ពីដាណឺម៉ាកបដិសេធលក់ដែនដីដ៏សម្បូរធនធានមួយនេះឱ្យសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

ក្រសួងការបទេសអាមេរិក នៅក្នុងលិខិតមួយផ្ញើជូនសភា ក៏បានឱ្យដឹងដែរថា ស្ថានកុងស៊ុល អាមេរិកនឹងត្រូវបង្កើតនៅរដ្ឋធានី Nuuk នៃដែនដីគ្រីនលែនដ៍ ជាផ្នែកមួយនៃផែនការពង្រីក ឥទ្ធិពល និងវត្តមានអាមេរិកក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិច។ លិខិតដដែល បានបញ្ជាក់ ដូច្នេះថា៖ «ការបើកស្ថានកុងស៊ុលអាមេរិក ពិតជាមានសារៈសំខាន់បំផុត វាព្រោះនឹងជួយការពារ សម្បត្តិមានតម្លៃ និងផលប្រយោជន៍របស់អាមេរិកនៅគ្រីនលែនដ៍ ព្រមទាំងបង្កើនឥទ្ធិពល អាមេរិកនៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិចទៀតផង»។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពអាកាសមួយនៅលើដែនដីគ្រីនលែនដ៍ ហើយបើតាមក្រសួងការបរទេសអាមេរិក ការបើកស្ថានកុងស៊ុល និងការជ្រើសរើសបុគ្គលិក នៅដែនដីមួយនេះ អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅឆ្នាំ២០២០៕