Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេសកជនចិន៖ មិនគួរសោះ! សហរដ្ឋអាមេរិក ប្រើចិនជាលេសដើម្បីដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរ ជាមួយរុស្ស៊ី (Video inside)

23-08-2019 14:16

(ញូយ៉ក)៖ បេសកជនពិសេសចិនម្នាក់ បាននិយាយថាវាគឺជារឿងគួរឱ្យសោកស្ដាយបំផុតដែលចិនត្រូវ បានប្រើប្រាស់ជាលេសដើម្បីឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

តំណាងអចិន្ត្រៃយចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun ធ្វើការកត់សម្គាល់ខាងលើក្នុង កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ជាអ្នកស្នើកោះប្រជុំ ក្រោយសហរដ្ឋអាមេរិកធ្វើតេស្ដមីស៊ីលថ្មីមួយ។ ថ្លែងនាឱកាសនោះ លោក Zhang បានគូសបញ្ជាក់ដូច្នេះថា៖« វាគឺជារឿងមិនអាចទទួលយកបានដែលចិនត្រូវបានគេប្រើ ជាលេស ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ហើយចិនទាត់ចោលទាំងស្រុងរាល់ការចោទ ប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ ចិនគឺសម្រាប់តែការការពារខ្លួនឯងតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញា INF ជាផ្លូវការ កាលពីថ្ងៃទី២ ខែសីហា ហើយមុននឹងការដកខ្លួននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បង្ហាញពីបំណង បញ្ចូលចិនក្នុងសន្ធិសញ្ញានេះដែរ ឬក៏បង្កើតសន្ធិសញ្ញាថ្មីមួយដែលមានចិនចូលរួមជាមួយ សហរដ្ឋអាមេរិក និងរុស្ស៊ី។

ប៉ុន្តែ គួរឱ្យកត់សម្គាល់ ក្រុមជំនាញបានបង្ហាញការព្រួយបារម្ភថាការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើង ជាថ្មី។ ជាក់ស្ដែង កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងការពារជាតិអាមេរិក បានទទួលស្គាល់ថាខ្លួនបានបាញ់ សាកល្បងមីស៊ីល ដែលអាចកម្ទេចគោលដៅនៅរយៈចំងាយច្រើនជាង៥០០គីឡូម៉ែត្រ ហើយដែល មីស៊ីលប្រភេទនេះត្រូវបានហាមឃាត់ក្រោមអតីតសន្ធិសញ្ញា INF (ហាមឃាត់ការធ្វើតេស្ដ ឬអភិវឌ្ឍ មីស៊ីលបាញ់បានចំងាយពី៥០០ ដល់៥,៥០០គីឡូម៉ែត្រ)៕