Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកចង់ឲ្យប្រទេសចិន គោរពសិទ្ធិបាតុករនៅទីក្រុងហុងកុង! (Video inside)

21-08-2019 13:09

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យចិនអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំពីរ ព្រមទាំងគោរពសិទ្ធិរបស់ ក្រុមបាតុករក្នុងការធ្វើបាតុកម្មតវ៉ា។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការអំពាវនាវខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងពិតជាចង់ឱ្យប្រជាជនក្រុងហុងកុង មានសិទ្ធិសម្ដែងមតិ ឈរលើមូលដ្ឋានសេរីភាពរបស់ពួកគេ... ហើយពួកគេគួរតែសម្ដែងមតិទាំងនេះដោយសន្តិវិធី រីឯរដ្ឋាភិបាលចិនក៏គួរតែគោរពសិទ្ធិបញ្ចេញមតិ របស់ប្រជាជនហុងកុងផងដែរ»។

គួរជម្រាបថា នៅក្នុងបទសម្ភាសន៍នោះ លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានសង្កត់ធ្ងន់ឡើងវិញផងដែរ ពីការព្រមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន កុំឱ្យចិនប្រើប្រាស់កម្លាំងបាយបង្រ្កាបលើក្រុមបាតុករហុងកុង ដូចដែលខ្លួនធ្លាប់បានធ្វើលើក្រុមបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ ឱ្យសោះ៕