ពេលនេះបណ្តាញភេរវករ ISIS កំពុងពង្រីកខ្លួនជាថ្មីហើយ, នេះបើតាមរបាយការណ៍ចុងក្រោយរបស់អាមេរិក (Video inside)
07-08-2019 11:11
(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីពីក្រសួងការពារជាតិអាមេរិកបានលើកឡើងថា កាលពីចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០១៩ បណ្តាញនៃក្រុមភេរវករ ISIS បានខិតខំព្យាយាមពង្រីកបណ្តាញរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដែលធ្លាប់ជាមូលដ្ឋានរឹងមាំរបស់ពួកគេជាច្រើនឆ្នាំមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
យោងតាមសេចក្តីសង្ខេបនៃរបាយការណ៍ខាងលើ អំឡុងរយៈពេល ០៣ខែនោះក្រុម ISIS បានបន្តរក្សា និងពង្រីកបណ្តាញខ្លួនហើយពង្រឹងសមត្ថភាពជាសម្ងាត់ នៅស៊ីរីព្រមទាំងអ៊ីរ៉ាក់ បើទោះបីជាពួកគេលែងមានកម្លាំង ជាលក្ខណៈធំដុំដូចមុនទៀតក៏ដោយ។ អំឡុងពេលនេះ ក្រុមភេរវករនេះបានធ្វើសកម្មភាពលួចធ្វើឃាត វាយប្រហារដោយអត្តឃាត ចាប់ពង្រត់ និងដុតបំផ្លាញដំណាំទាំងនៅស៊ីរី និងអ៊ីរ៉ាក់។ របាយការណ៍ដដែលបានបន្ថែមថា ISIS ក៏បានព្យាយាមស្តារបណ្តាញផ្គត់ផ្គង់ ផ្នែកហិរញ្ញវត្ថុរបស់ពួកគេឡើងវិញផងដែរ។
គួរជម្រាបថា កាលពីចុងឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានប្រកាសថា កម្លាំងក្រុមភេរវករ ISIS នៅក្នុងប្រទេសលោក គឺត្រូវបានកម្ចាត់ចោលហើយ។ រីឯកាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ISIS នៅស៊ីរីក៏បានដួលរលំដូចគ្នាដែរ ហើយលោកបានប្រកាសពីផែនការ ចង់ដកកងទ័ពអាមេរិកចេញពីស៊ីរីទៀតផង។ ប៉ុន្តែឥឡូវ បើតាមរបាយការណ៍ខាងលើ ក្រុមភេរវករនេះហាក់កំពុងតែត្រៀមវិលត្រឡប់មកវិញ ដោយមិនទាន់សុខចិត្តចុះចាញ់ទាំងស្រុងនោះឡើយ៕