វេណេស៊ុយអេឡា៖ យន្តហោះអាមេរិកហោះរំលោភដែនអាកាសយើង ម្តងហើយម្តងទៀត ដែលវាអាចជាចេតនាបង្កជម្លោះ ឬអន្តរាគមន៍យោធា... (Video inside)
02-08-2019 14:30
(ការ៉ាកាស់)៖ ការរំលោភបំពានចូលដែនអាកាសវេណេស៊ុយអេឡា ម្ដងហើយម្ដងទៀត របស់យន្ដហោះយោធាអាមេរិក អាចនឹងត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ជាលេស ដើម្បីបង្កជម្លោះ ឬធ្វើអន្តរាគមន៍យោធាឈ្លានពានទីក្រុងការ៉ាកាស់។ នេះជាការលើកឡើងរបស់យោធាវេណេស៊ុយអេឡា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
ប្រតិកម្មខាងលើរបស់យោធាវេណេស៊ុយអេឡា កើតមានឡើងក្រោយទីក្រុងការ៉ាកាស់ បានចោទប្រកាន់យន្ដហោះស៊ើបការណ៍អាមេរិក EP3 បានរំលោភចូលក្នុងដែនអាកាស វេណេស៊ុយអេឡាកាលពីថ្ងៃពុធកន្លងទៅ។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយដែល ទីក្រុងធ្វើការចោទប្រកាន់បែបនេះ ខណៈសហរដ្ឋអាមេរិកជារឿយៗតែងតែទាត់ចោល ការចោទប្រកាន់បែបនេះដោយអះអាងថា យន្ដហោះយោធារបស់ខ្លួនធ្វើការហោះហើរ នៅក្នុងដែនអាកាសអន្តរជាតិតែប៉ុណ្ណោះ។
គួរជម្រាបថា បើតាមយោធាវេណេស៊ុយអេឡា យន្ដហោះស៊ើបការណ៍អាមេរិក EP3 បាន ហោះចូលក្នុងដែនអាកាសរបស់ខ្លួន នៅម៉ោង១២៖៥៦នាទី រសៀលថ្ងៃពុធ (ម៉ោងក្នុងតំបន់) និងបានហោះចេញទៅវិញនៅម៉ោង ១៤៖១៥នាទីរសៀលថ្ងៃដដែល ដោយគ្មានជូនដំណឹងដល់អាជ្ញាធរវេណេស៊ុយអេឡាឡើយ។ ទោះបីជាស្ថានការណ៍កក្រើក នៅវេណេស៊ុយអេឡាហាក់ស្ងប់បន្តិចមែន ប៉ុន្តែសហរដ្ឋអាមេរិក មិនបានបោះបង់ចោល ចេតនាចង់ទម្លាក់របបដឹកនាំលោក ម៉ាឌូរ៉ូ នោះឡើយ៕