Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដល់វេនជប៉ុនបញ្ចេញស្នាដៃម្តង! យានពិសេស Toyota មួយនេះនឹងត្រូវបញ្ជូនទៅព្រះច័ន្ទ ១០ឆ្នាំទៀត (Photo inside)

25-07-2019 10:45

(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន Toyota និងទីភ្នាក់ងារអវកាសជប៉ុន JAXA ទើបតែបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាអភិវឌ្ឍន៍យានជំនិះធំ និងអស្ចារ្យមួយ សម្រាប់ដឹកអវកាសយានិកនៅលើឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែប សាយ Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់ថ្មីៗនេះពីក្រុមហ៊ុន Toyota ក្នុងអំឡុងពេលសរុប ០៣ឆ្នាំនៃកិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវរួមគ្នា រវាងទីភ្នាក់ងារអវកាសជប៉ុន JAXA និងក្រុមហ៊ុន Toyota ដើម្បីផលិត ធ្វើតេស្ត និងវាយតម្លៃលើយានជំនិះគំរូមួយចំនួន ក្រោមគោលដៅសម្រេចឲ្យបាននូវយាន Rover មួយគ្រឿងសម្រាប់ដឹកអវកាសយានិក និងធ្វើការរុករកនៅលើផ្ទៃព្រះច័ន្ទ ដែលវាគឺជាផ្នែកនៃគម្រោងអន្តរជាតិមួយ។ រយៈពេលនៃកិច្ចសហការនេះ គឺគិតចាប់ពីខែមិថុនា ឆ្នាំនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១។

គួរជម្រាបថា បើតាមអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់ ក្រុមហ៊ុន Toyota និង ទីភ្នាក់ងារអវកាស JAXA នឹងអាចទទួលបានយានជំនិះមួយ ដែលអាចបញ្ជូនទៅព្រះច័ន្ទនៅឆ្នាំ២០២៩បាន។ យាននេះនឹងអាចទទួលបានការចាប់អារម្មណ៍ ពីអតិថិជនមួយចំនួន រួមមានទីភ្នាក់ងារអវកាសអាមេរិក NASA ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ដែល សុទ្ធតែមានគម្រោងចង់បង្កើតមូលដ្ឋាន នៅលើឋានព្រះច័ន្ទ ហើយក្រុមហ៊ុនអវកាសឯកជនដទៃទៀត ក៏មានមហិច្ឆតាស្រដៀងគ្នាដែរ៕