Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែលនឹងត្រូវកម្ទេចត្រឹមកន្លះម៉ោង បើអាមេរិកហ៊ានវាយប្រហារលើអ៉ីរ៉ង់, នេះជាការព្រមានរបស់សមាជិកសភាអ៉ីរ៉ង់ (Video inside)

01-07-2019 21:36

(ស្វីស)៖ អ៉ីស្រាអែល នឹងត្រួវបានបំផ្លាញទាំងស្រុង ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ បើសិនជាសហរដ្ឋអាមេរិក ហ៊ានបើកការវាយប្រហារលើអ៉ីរ៉ង់។ នេះជាការព្រមានពីសមាជិកសភាជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានគណៈកម្មាការសន្តិសុខជាតិ និងគោលនយោបាយបរទេសនៃសភាអ៉ីរ៉ង់ លោក Mojtaba Zolnour ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មាន Mehr នៅថ្ងៃចន្ទនេះ។ លោក Zolnour បានលើកឡើងយ៉ាងខ្លី ដូច្នេះថា៖ «បើសិនជាសហរដ្ឋអាមេរិកបើកការវាយប្រហារណាមួយលើពួកយើង នោះអ៉ីស្រាអែលនឹងត្រូវបំផ្លាញ ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការព្រមានបែបនេះរបស់លោក Zolnour កើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ នាពេលថ្មីៗ នេះបានបញ្ជាឱ្យកងទ័ពអាមេរិកវាយប្រហារលើអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើប ការណ៍អាមេរិកមួយគ្រឿងដោយយោធាអ៉ីរ៉ង់។ ប៉ុន្តែ នៅនាទីចុងក្រោយ លោក ត្រាំ បែរជាលុបចោលបទបញ្ជា នេះទៅវិញ៕