BREAKING NEWS: ទីបំផុត លោក គីម ជុង អ៊ុន និង លោក ដូណាល់ ត្រាំ ជួបមុខចាប់ដៃគ្នានៅព្រំដែនអន្តរកូរ៉េ
30-06-2019 14:01
(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបមុខគ្នាជាថ្មីម្តងទៀត ដោយលើកនេះគឺនៅភូមិ Panmunjom នៃតំបន់ព្រំដែនអន្តរកូរ៉េ DMZ ក្នុងឱកាសលោក ត្រាំ កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទូរទស្សន៍ព័ត៌មាន CNN នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់តំបន់ DMZ ប្រមាណជាមួយម៉ោងមុន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ក្រោយពីមេដឹកនាំទាំងពីរបានអះអាងថា លោក គីម ជុងអ៊ុន នឹងបង្ហាញវត្តមាននៅទីនោះ ដើម្បីជួបមុខលោក ត្រាំ មួយភ្លែត ដែលវាគឺជាការជួបមុខគ្នាលើកទីបីហើយ រវាងលោក ត្រាំ និង លោក គីម។ ជំនួបនាថ្ងៃអាទិត្យនេះ បានធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានឈានជើងជាន់ដីកូរ៉េខាងជើង ទាំងកំពុងនៅកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។
គួរជម្រាបថា លោក ត្រាំ និង លោក គីម ធ្លាប់ជួបមុខគ្នាពីរដងក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំឡើង នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ និងនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិភាក្សាពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង តែជំនួបចុងក្រោយបានបញ្ចប់ទៅដោយពុំមានផ្លែផ្កាអ្វី ខណៈកិច្ចចរចាក៏បានជាប់គាំងតាំងពីពេលនោះមក ៕