Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មភាពព្រះមហាក្សត្រម៉ាឡេស៊ីយាងចុះពីរថយន្ត ដើម្បីជួយអ្នករងគ្រោះថ្នាក់ចរាចរណ៍ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង (Photo inside)

26-06-2019 17:22

(គូឡាឡាំពួ)៖ អំឡុងពេលយាងធ្វើដំណើរលើដងផ្លូវមួយខ្សែ នៅទីក្រុងភូត្រាចាយ៉ា (Putrajaya) ភាគខាងត្បូងរដ្ឋធានីគូឡាឡាំពួរ ព្រះមហាក្សត្រម៉ាឡេស៊ីបានបញ្ឈប់ក្បួនព្រះទីនាំងរថយន្តរបស់ទ្រង់ ដើម្បីស្កាត់ទៅជួយស្រ្តីម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវស្របជាមួយទ្រង់ដែរ។ សកម្មភាពនេះ ត្រូវបានប្រជាជនម៉ាឡេស៊ីចែករំលែកតៗគ្នាលើបណ្តាញសង្គម។

បើតាមការបញ្ជាក់ពីប៉ូលិសប្រចាំទីក្រុង Putrajaya ស្រ្តីជាអ្នកបើកបរមានអាយុ ៣៨ឆ្នាំ បានបាត់បង់ម្ចាស់ការលើយានជំនិះរបស់ខ្លួន ហើយក៏ជ្រុលទៅបុកខឿនខណ្ឌចែកទ្រូងផ្លូវ នៅតាមផ្លូវដើម្បីធ្វើដំណើរទៅបំពេញការងារ។ ពេលឃើញហេតុការណ៍នេះ ព្រះចៅស៊ូលតង់ អាប់ឌុលឡាហ៍ អាម៉េដ ហ្សាហ៍ (Sultan Abdullah Ahmad Shah) ក៏បានបង្គាប់ឲ្យឈប់ក្បួនរថយន្តដើម្បីយាងចុះទៅមើល និងជួយជនរងគ្រោះ។ តែជាសំណាងល្អ អ្នកបើកបរម្នាក់នោះ មិនបានទទួលរងរបួសធ្ងន់ធ្ងរឡើយ។ រូបភាពនៃសកម្មភាពនេះ ត្រូវបានគេចែករំលែកតគ្នាភ្លាមៗ នៅលើបណ្តាញសង្គម។

គួរជម្រាបថា ក្រោយមកទៀតព្រះចៅស៊ូលតង់ Sultan Abdullah Ahmad Shah ក៏បានយាងបន្តដំណើររបស់ទ្រង់ទៅជួបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ដែលកំពុងរង់ចាំគាល់ទ្រង់នៅវាំង អ៊ីស្តាណា មេឡាវ៉ាទី (Istana Melawati) ក្នុងទីក្រុង Putrajaya។ តាមទម្លាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីតែង ត្រូវចូលគាល់ព្រះមហាក្សត្រ មុនពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជារៀងរាល់ថ្ងៃពុធ៕

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩)