ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ តែមិនបាន លើកពីឈ្មោះអ៉ីរ៉ង់ (Video inside)
25-06-2019 09:37
(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UN) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានបើកកិច្ចប្រជុំបិទទ្វារមួយនៅឯទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងញូយ៉ក ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹង ការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់ទម្លាក់យន្ដហោះដ្រូន អាមេរិកដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
កិច្ចប្រជុំបិទទ្វារខាងលើធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអ៉ីរ៉ង់អះអាងថាខ្លួនបាន បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ បើតាម អគ្គរាជទូតគុយវ៉ែតប្រចាំ UN លោក Al-Otaibi ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុង កិច្ចប្រជុំនេះ បណ្ដារដ្ឋជាសមាជិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើកប៉ាល់ដឹក ប្រេង២គ្រឿងនៅក្នុងតំបន់ឈូងសមុទ្រនៅក្នុងខែមិថុនានេះ ដោយចាត់ទុកទង្វើនេះជាការគំរាមកំហែង ធ្ងន់ធ្ងរដល់សេរីភាពនាវាចរសមុទ្រ និងសន្តិសុខអន្តរជាតិទាំងមូល។ ប៉ុន្តែ ពួកគេមិនបានលើកចំឈ្មោះ របស់ប្រទេសអ៉ីរ៉ង់ នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា កប៉ាល់ដឹកប្រេងរបស់ជប៉ុនឈ្មោះ Kokuka Courageous និងប្រទេសន័រវែស Front Altair បានរងការខូចខាតយ៉ាងដំណុំ ដោយសារការវាយប្រហារមួយនៅឯ ឈូងសមុទ្រអូម៉ង់។ ចំណែកឯ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទអ៉ីរ៉ង់ត្រង់ៗថាជាអ្នកនៅ ពីក្រោយការវាយប្រហារនេះ តែទីក្រុងតេហេង់បដិសេធ និងចាត់ទុកថាជាការមួលបង្កាច់៕