Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ី បញ្ជូនសំរាម៥កុងតឺនឺ ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ (Video inside)

17-06-2019 08:51

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី បានបញ្ជូនកុងតឺនឺចំនួន៥គ្រឿង ផ្ទុកដោយសំរាមត្រឡប់ទៅកាន់ សហរដ្ឋអាមេរិកវិញ ហើយបានបញ្ជាក់ថា ប្រទេសរបស់ខ្លួនមិនមែនជាទីកន្លែងសម្រាប់ចោលសំរាម នោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

កុងតឺនឺទាំង៥ ដែលផ្ទុកទៅដោយក្រដាសអេតចាយនោះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយនៃប្រទេស កាណាដា ត្រូវបានដឹកបញ្ជូនមកពី ទីក្រុងស៊ីថល សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា ជាទីក្រុង ធំជាងគេលំដាប់ទី២ របស់ឥណ្ឌូណេស៊ី កាលពីចុងខែមីនា កន្លងទៅ។ ប៉ុន្តែ វាមិនទាន់ដឹងច្បាស់ភ្លាមៗ នោះទេ ថាតើសំរាមទាំងនេះមានប្រភពដើមមកពីណា។

ឥណ្ឌូណេស៊ី ថ្មីៗនេះកំពុងត្រួតពិនិត្យ លើកុងតឺនឺចំនួន៧គ្រឿងផ្សេងទៀត នៅកំពង់ផែរដ្ឋធានី ហ្សាការតា និងនៅទីក្រុងបាតាំ ស្ថិតនៅកោះស៊ូម៉ាត្រា។

ឥណ្ឌូណេស៊ី គឺជាប្រទេសថ្មីចុងក្រោយ ដែលបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសដែលនាំចូលមកនូវ សំរាម បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្តេជ្ញាដឹកបញ្ជូនត្រឡប់ទៅវិញនូវសំរាមប្លាស្ទិចរាប់រយតោន កាលពីខែមុន។

ដោយឡែក ហ្វីលីពីន ក៏បានបញ្ជាឲ្យដឹកសំរាមជាច្រើនតោន ដែលបានចោលនៅក្នុងប្រទេសរបស់ខ្លួន ត្រឡប់ទៅកាន់កាណាដាវិញដែរ ដោយបញ្ហានេះ បានបណ្តាលឲ្យមានជម្លោះផ្នែកការទូត រវាងប្រទេសទាំងពីរទៀតផង។

គួរបញ្ជាក់ថា បើតាមអង្គការមូលនិធិធម្មជាតិពិភពលោក (WWF) បានឲ្យដឹងថា ផ្លាស្ទិចប្រមាណ ៣០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ភាគច្រើននៃបា្លស្ទិច ដែលបានផលិតឡើងនោះ ត្រូវបានបញ្ចប់ទៅវិញ ដោយកប់នៅក្នុងដី ឬក៏ត្រូវបានគេបោះចោល ក្នុងទឹកសមុទ្រ៕