Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិចទូកដឹកជនចំណាកស្រុកវេណេស៊ុយអេឡា, មនុស្ស៣០នាក់បន្តបាត់ខ្លួនក្នុងដែនសមុទ្រ

12-06-2019 12:41

(ការ៉ាកាស់)៖ ជនចំណាកស្រុកវេណេស៊ុយអេឡាយ៉ាងហោចណាស់ ៣០នាក់ កំពុងតែបន្តបាត់ខ្លួន ក្រោយពីកាណូតមួយគ្រឿងបានលិច នៅតាមដែនសមុទ្រធ្វើដំណើរឆ្ពោះទៅប្រទេសដីកោះ គូរ៉ាកាវ (Curacao) ដែលស្ថិតនៅភាគខាងជើងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

កាណូតខាងលើនេះគឺជាកាណូតគ្រឿងទី៣ហើយ ដែលមានដឹកជនភៀសខ្លួនវេណេស៊ុយអេឡា ហើយបានលិចក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ ដោយសរុបទៅមនុស្សប្រមាណ ៨០នាក់ កំពុងបន្តបាត់ខ្លួន។ កាណូតពីរគ្រឿងមុន គឺមានគោលដៅទៅកាន់ប្រទេស ទ្រីនីដាដតូបាហ្គោ (Trinidad and Tobago ជាដែនកោះពីររួមគ្នា) ដែលស្ថិតនៅក្បែរវេណេស៊ុយអេឡាដូចគ្នា។

បើតាមសមាជិកសភាបក្សប្រឆាំង លោក ល្វីស ស្ទេវហ្វានែលលី (Luis Stefanelli) ជនទាំងនេះ គឺជាអ្នកដែលទាល់ខ្លាំងសុខចិត្តលក់អ្វីៗទាំងអស់ ឲ្យតែបានចេញពីប្រទេសវេណេស៊ុយអេឡា។ លោក Stefanelli បានឲ្យដឹងថា ជនភៀសខ្លួនទាំងនេះក្នុងម្នាក់ៗបានចំណាយលុយប្រហែល ៤០០ដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសដីកោះទាំងនោះ ខណៈប្រាក់ចំណូលទាបបំផុត​នៅវេណេស៊ុយអេឡានាពេលនេះ គឺត្រឹមតែ ៦.៥០ដុល្លារមួយក្នុងខែប៉ុណ្ណោះ។

គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ មួយភាគនៃប្រជាជនវេណេស៊ុយអេឡាប្រមាណ ៣០លាននាក់ គឺកំពុងត្រូវការជំនួយមនុស្សធម៌ ហើយកាលពីសប្តាហ៍មុន UN បានអះអាងថា មនុស្សជាង ៣.៣លាននាក់ បានភៀសខ្លួនពីវេណេស៊ុយអេឡាក្នុងអំឡុងពេលជាង ៣ឆ្នាំកន្លងមកនេះ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាបានចោទប្រកាន់ UN ថា បានបំប៉ោងតួលេខនេះ៕