Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីក្រុងហុងកុងសម្រេចផ្អាកការជជែកដេញដោលជុំទី២ ស្តីអំពីការអនុម័តច្បាប់ធ្វើបត្យាប័ន ដោយសារតែបាតុកម្មកើនឡើង (Video inside)

12-06-2019 11:33

(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងបានសម្រេចចិត្ត ផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃពុធនេះ នូវការជជែកដេញដោលជុំទី ២ ស្ដីពីការអនុម័តច្បាប់ធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យក្នុងការបញ្ជូនជនសង្ស័យ (ប្រព្រឹត្តបទល្មើស) ពីទីក្រុងហុងកុងទៅកាន់ចិនដីគោក ដោយសារការធ្វើបាតុកម្មកាន់តែរីកធំឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលទីក្រុងហុងកុង ធ្វើឡើងនៅចំពេលដែលក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជាថ្មី ដើម្បីតវ៉ាប្រឆាំងនឹងការអនុម័ត ច្បាប់ធ្វើបត្យាប័ននេះ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកក៏បានបង្ហោះរូបភាពក្រុមបាតុករផងដែរ ដោយបង្ហាញពីសកម្មភាពរបស់ពួកគេ នាំគ្នាដើរជាក្បួនដង្ហែរលើដងផ្លូវ ឆ្ពោះទៅកាន់ការិយាល័យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ដែល បានប្ដេជ្ញាចិត្តអនុម័តច្បាប់ធ្វើបត្យាប័ននេះ ឱ្យទាល់តែបាន។

បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្រុមបាតុករមួយចំនួនក៏បានប៉ះទង្គិចគ្នាជាមួយប៉ូលិសផងដែរ នៅព្រឹកថ្ងៃពុធនេះ និងខ្លះទៀតបានរំលងរបាំងការពារ ហើយថែមទាំងមិនស្ដាប់ការព្រមានរបស់ប៉ូលិសទៀតផង។

គួរបញ្ជាក់ថា កងកម្លាំងប៉ូលិសសរុប ៥,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីថែរក្សាសណ្ដាប់ធ្នាប់ រីឯក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យជាច្រើន គ្រោងនឹងចូលរួមនៅក្នុងបាតុកម្ម ប្រឆាំងនឹងធ្វើច្បាប់ធ្វើបត្យាប័ន ដែលត្រូវបានគេមើលឃើញអាចនឹងមានទ្រង់ទ្រាយធំ ប្រហាក់ប្រហែលនឹងបាតុកម្មរតវ៉ារបស់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៤ ផងដែរ៕