កងនាវាយោធាអាមេរិក និងបារាំងធ្វើសមយុទ្ធក្នុងដែនសមុទ្រ Andaman ជាប់ប្រទេសមីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី (Video inside)
10-06-2019 10:32
(វ៉ាស៊ីនតោន)៖ នាវាចម្បាំងអាមេរិក និងបារាំងនាពេលថ្មីៗនេះ ទើបតែបានចាប់ផ្តើមសមយុទ្ធរួមគ្នានៅលើផ្ទៃសមុទ្រ អាន់ដាម៉ាន់ (Andaman) ដែលស្ថិតជាប់ប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ នេះបើតាមកាប្រភពពីមន្ត្រីយោធាជើងទឹកអាមេរិក ចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
នាវាដែលបានចូលរួមក្នុងសមយុទ្ធខាងលើ រួមមាននាវាប្រភេទដឹកយោធា និងអាចឲ្យទូកចូលចតក្នុងវាបាន (Amphibious assault ship) ឈ្មោះ យូអេសអេស បុកសឺ (USS Boxer) របស់អាមេរិក ព្រមទាំងកងនាវាយោធារបស់បារាំងមានដូចជា នាវាដឹកយន្តហោះចម្បាំង ឆាឡែស ដឺ ហ្គាល់ឡេ (Charles de Gualle), នាវាពិឃាត ឡាទូឆេ ត្រេវីល (Latouche Treville), នាវាប្រឆាំងនាវាមុជទឹក ប្រូវិញ (Provence) និងនាវាដឹកសាំង ម៉ាណេ (Marne)។ សមយុទ្ធនោះរួមមានការធ្វើដំណើរជាក្បួន ការផ្ទេរនាវិក និងការបញ្ជូនយន្តហោះឲ្យធ្វើប្រតិបត្តិការរួមជាដើម។
គួរជម្រាបថា សមយុទ្ធរវាងក្រុមនាវាចម្បាំងប្រទេសទាំងពីរ បានកើតមានស្របពេលដែលនាវា USS Boxer ត្រូវចល័តទៅកាន់តំបន់ធ្វើប្រតិបត្តិការ របស់កងអង្គភាពទ័ពជើងទឹកទី ៧ ហៅថា 7th Fleet របស់សហរដ្ឋអាមេរិក ហើយវាក៏ជាលើកដំបូងផងដែរ នៃការចល័តក្រុមនាវាដឹកយន្តហោះចម្បាំងរបស់បារាំង នៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គិតចាប់តាំងពីឆ្នាំ២០០២មក៕