វិបត្តិនៅវេណេស៊ុយអេឡា៖ លោក ម៉ាឌូរ៉ូ ស្នើឱ្យសភាជាតិបក្សប្រឆាំង រៀបចំការបោះឆ្នោតមុនអណត្តិ (Video inside)
21-05-2019 09:07
(ការ៉ាកាស់)៖ វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើឱ្យសភាជាតិដឹកនាំគណបក្សប្រឆាំងរៀបចំការបោះ ឆ្នោតមុនអណត្តិមួយតាមបែបប្រជាធិបតេយ្យ ខណៈមានព័ត៌មានជាច្រើនរាយការណ៍ថាមន្ត្រីរដ្ឋាភិបាលទីក្រុង ការ៉ាកាស់ និងមន្ត្រីបក្សប្រឆាំងបានជួបប្រជុំគ្នាក្នុងទីក្រុង Oslo ប្រទេសន័រវែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅឯពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុងការ៉ាកាស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់ លម្អិតនៃកាលបរិច្ឆទរៀបចំការបោះឆ្នោតសភាមុនអណត្តិឡើយ ស្របពេលការបោះឆ្នោតសភាជាតិគ្រោងនឹងប្រព្រឹត្ត ទៅនៅចុងឆ្នាំ២០២០។ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ «សូមរៀបចំការបោះឆ្នោតសភាជាតិមុនកាលកំណត់ ដោយសន្តិវិធី ប្រជាធិបតេយ្យ និងស្របទៅតាមរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា សភាជាតិវេណេស៊ុយអេឡាដឹកនាំដោយមេបក្សប្រឆាំង លោក Juan Guaidó ត្រូវបានដកហូតអំណាច ចាប់តាំងពីគណបក្សរបស់លោក ម៉ាឌូរ៉ូ ចាញ់គណបក្សប្រឆាំងក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៦។ ប៉ុន្តែ ដើម្បី ស្ដារអំណាចឡើងវិញ លោក ម៉ាឌូរ៉ូ បានបង្កើតសភាធម្មនុញ្ញមួយតាមរយៈការបញ្ជូនមនុស្សជំនិតរបស់លោកឱ្យដឹកនាំ សភាមួយនេះ៕