Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតអតីតប្រធានាធិបតីប្រេស៊ីល Temer ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច (Video inside)

10-05-2019 14:35

(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) បានសម្រេចចិត្តប្រគល់ខ្លួនឱ្យប៉ូលិសហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីការអនុញ្ញាតឱ្យលោកនៅក្រៅឃុំមួយរយៈខ្លី ក្នុងសំណុំរឿងពុករលួយដែលត្រួវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

លោក Michel Temer ត្រូវបានប៉ូលិសប្រេស៊ីលចាប់ខ្លួន កាលពីចុងខែមីនាកន្លងទៅពីបទពុករលួយ ហើយលោកបានចំណាយពេល ០៥ថ្ងៃក្នុងមន្ទីរឃុំឃាំង មុនត្រូវដោះលែងឱ្យនៅក្រៅឃុំ។ លោក Temer បានសម្រេចចិត្តប្រគល់ខ្លួនឱ្យប៉ូលិសក្នុងទីក្រុង សៅប៉ូឡូ (Sao Paulo) ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើលោកត្រូវគេបញ្ជូនទៅឃុំខ្លួននៅកន្លែងណានៅឡើយទេ ខណៈកាលពីលើកមុនអតីតប្រធានាធិបតីរូបនេះ ត្រូវគេបញ្ជូនពីទីក្រុង Sao Paulo ទៅកាន់ទីក្រុង រីយ៉ូដឺហ្សេណេរ៉ូ (Rio de Janeiro) ដើម្បីឃុំឃាំង។

គួរជម្រាបថា រដ្ឋអាជ្ញាប្រេស៊ីលបានស្នើឱ្យលុបចោលការអនុញ្ញាតឱ្យលោក Temer នៅក្រៅឃុំដោយសារតែការស៊ើបអង្កេតបន្ថែមបានបង្ហាញថា លោក និងសម្ព័ន្ធមិត្តរបស់លោក បានដឹកនាំប្រតិបតិការស៊ើបការណ៍សំងាត់ និងឃ្លាំលើការស៊ើបអង្កេតរបស់អាជ្ញាធរប្រេស៊ីល ដើម្បីអាចគេចផុតពីការចាប់ខ្លួន។ មិនតែប៉ុណ្ណោះការសម្រេចចិត្តលុបចោលនេះ ក៏មានបំណងការ ពារកុំឱ្យភស្ដុតាងត្រូវបានបំផ្លាញផងដែរបើលោក Temer នៅតែបន្តស្ថិតនៅក្រៅឃុំបែបនេះ៕