Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩! (Photo Inside)

24-04-2019 20:47

(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រថភ្លើងរបស់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នារសៀលថ្ងៃពុធនេះ បានទៅដល់ទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ដោយសុវត្ថិភាពជាទីដែលរូបលោក ត្រូវចូលរួមកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងបំផុត៕

២៖ គណៈកម្មាធិការនៃសភាអ៊ីរ៉ង់ ដែលកំពុងទទួលបន្ទុករៀបចំច្បាប់ ដើម្បីវាយបកទៅកាន់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នោះបានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែ ពិចារណា និងរៀបចំចំណាត់ការជាច្រើន ក្នុងនោះក៏រួមមានការបិទច្រកទ្វារ សមុទ្រហ័រមូស (Hormuz) ដ៏សំខាន់នៅក្នុងតំបន់ផងដែរ ប្រសិនបើរដ្ឋបាលបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ នៅតែមិនព្រមបន្ថយដៃ៕

៣៖ អនុរដ្ឋមន្ត្រីការពារជាតិស្រីលង្កាបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនបំផ្ទុះគ្រាប់បែកទាំង ០៩នាក់ គឺមានម្នាក់ជាស្រ្តី ខណៈចំនួនអ្នកស្លាប់ដែលបានកើនដល់ ៣៥៩នាក់ នោះមានជនបរទេសរហូតដល់ ៣៩នាក់ រីឯមនុស្ស៦០នាក់ត្រូវបាន ចាប់ខ្លួនក្រោមការ ស៊ើបអង្កេតជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែក លើវិហារគ្រិស្ដ និងសណ្ឋាគារនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ៕

៤៖ ក្នុងកំឡុងការធ្វើព្យុហយាត្រាអបអរខួប ៧០ឆ្នាំ នៃថ្ងៃកំណើតទ័ពជើងទឹករបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនបានបញ្ចេញនាវាពិឃាត និងនាវាមុជទឹកថ្មីៗជាលើកដំបូង៕

៥៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានរិះគន់ប្រទេសកាណាដាយ៉ាងខ្លាំង សម្រាប់ការបរាជ័យក្នុងការ ចាត់វិធានសកម្មភាពលើសំរាម ដែលខ្លួនបានដឹកមកកាន់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីពេលកន្លងទៅ ហើយលោក ឌូតឺតេ ក៏បានឆ្លើយតបធ្ងន់ៗត្រឡប់ទៅវិញថា ហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាមនោះទេ៕

៦៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថាបើសិនជាសហរដ្ឋអាមេរិក លុបចោលគម្រោងប្រគល់ យន្ដហោះចម្បាំង F-35 ឱ្យតួកគី នោះទីក្រុងអង់ការ៉ានឹងបំពេញតម្រូវការរបស់ខ្លួនតាមរយៈការ ស្វែងរកអ្នកផ្គត់ផ្គង់ថ្មី៕