Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការប្រឆាំងអំពើពុករលួយថៃ សម្រេចលុបចោលការចោទប្រកាន់មួយករណី ចំពោះអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់

20-04-2019 17:21

(បាងកក)៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៃប្រទេសថៃ បានសម្រេចលុបចោលការចោទប្រកាន់មួយករណី ប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ព្រមទាំងអតីតគណៈរដ្ឋមន្រ្តីរបស់លោកស្រី ដែលថាលោកស្រី និងក្រុមមន្រ្តីរបស់ខ្លួនបានចេញ បទបញ្ជាប្រតិបត្តិមួយ ដោយបានរំលោភលើសេចក្តីទុកចិត្ត កាលពីឆ្នាំ២០១២ ដើម្បីទទួលបានឥណទានមកប្រើប្រាស់ ក្នុងផែនការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ទំហំ ៣៥០ពាន់លានបាត (ជិត១១ពាន់លានដុល្លារ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

បើតាមលោក វូរ៉ាវីត ស៊ុកប៊ុក (Worawit Sukbook) ប្រធានគណៈកម្មការប្រឆាំងអំពើលុយរលួយថៃ NACC ដែលបានឲ្យដឹងនាថ្ងៃសុក្រនេះ NACC បានសម្រេចជាឯកច្ឆ័ន្ទថា ពុំមានភស្តុតាំងជាក់លាក់គួរឲ្យជឿជាក់ណាមួយ ដែលអាចបង្ហាញថា លោកស្រី យីងឡាក់ ឬមួយក៏គណៈរដ្ឋមន្រ្តីរបស់ លោកស្រីបានរំលោភលើមាត្រា ១៦៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៧ ដូចការចោទប្រកាន់នោះឡើយ។

គណៈកម្មការ NACC បានធ្វើការសម្រេចចិត្តបែបនេះ ដោយឈរលើសេចក្តីសម្រេចរបស់ តុលាការធម្មនុញ្ញថៃ ដែលធ្វើឡើងឡើងតាំងតែពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ និងបានកំណត់ថា បទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឲ្យក្រសួងហិរញ្ញវត្ថុ ស្វែងរកឥណទាន ដើម្បីប្រើប្រាស់សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកឆ្នាំ២០១២ គឺជារឿងចាំបាច់សម្រាប់ការ ធានារក្សាសន្តិសុខ នៃវិស័យសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងទប់ស្កាត់គ្រោះធម្មជាតិ។

គួរជម្រាបថា ទោះជាបែបនេះក្តីលោកស្រី យីងឡាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អាចបានរួចផុតខ្លួនពីការចោទប្រកាន់ ត្រឹមតែមួយករណីប៉ុណ្ណោះ ទាក់ទិននឹងអំពើពុករលួយ ខណៈការចោទប្រកាន់នៅសល់បីធំៗទៀតឯណោះ ដោយនោះរួមមានការទាំងការចោទប្រកាន់ លើ កម្មវិធីទិញស្រូវពីប្រជាកសិករដ៏ចម្រូងចម្រាស់ផងដែរ៕