យន្តហោះដឹកជញ្ជូនយោធាទីមួយ ដែលរុស្ស៊ីផលិតឡើងក្រោយសម័យសហភាពសូវៀត ឆ្លងកាត់ការតេស្តហោះហើរលើកដំបូង ដោយជោគជ័យ
31-03-2019 14:41
(ម៉ូស្គូ)៖ យន្តហោះដឹកជញ្ជូនយោធាកម្រិតស្រាល Ilyushin Il-112V របស់ប្រទេសរុស្ស៊ី នាថ្ងៃសៅរ៍បានបញ្ចប់ការធ្វើតេស្តហោះហើរ ជាលើកដំបូងដោយជោគជ័យ ដោយវាគឺជាយន្តហោះដឹកជញ្ជូនយោធាទីមួយហើយ ដែលរុស្ស៊ីបានអភិវឌ្ឍន៍ឡើងក្រោយសម័យសហភាពសូវៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនរុស្ស៊ី Ilyushin Aviation Complex យន្តហោះខាងលើបានហោះចេញពីទីតាំងធ្វើតេស្ត នៅទីក្រុង Voronezh ភាគខាងលិចប្រទេសរុស្ស៊ី។ ក្នុងអំឡុងការសាកល្បងហោះហើរ ដែលមានរយៈពេល៤៥នាទី រាល់ប្រព័ន្ធទាំងអស់របស់យន្តហោះ ត្រូវបានធ្វើតេស្តនិងដំណើរការជាប្រក្រតី។
គួរជម្រាបថា Il-112V គឺជាយន្តហោះដឹកជញ្ជូនយោធាដំបូងគេ ដែលរុស្ស៊ីបានរចនាឡើងពីបាតដៃទទេ ក្នុងសម័យកាលក្រោយសហភាពសូវៀត ដែលបំពាក់ដោយប្រព័ន្ធទំនើបៗនិងផលិតក្នុងស្រុកសុទ្ធសាធ។ យន្តហោះនេះ អាចដឹកជញ្ជូនសព្វាវុធ បរិក្ខាយោធា និងកងទ័ព បានទម្ងន់ធ្ងន់បំផុតត្រឹម០៥តោន៕