១ពាន់លានដុល្លារត្រូវអនុម័តហើយ ដើម្បីសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ប៉ុន្តែលោក ត្រាំ ចង់បានរហូតដល់ទៅ៨ពាន់លានដុល្លារ (Video Inside)
26-03-2019 09:52
(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានអនុម័តហើយ លើកញ្ចប់ថវិកា «១ពាន់លានដុល្លារ» សម្រាប់គម្រោងសាងសង់ជញ្ជំាងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ដែលអាចជាបំពេញផ្នែកតូចមួយ នៃការចង់បានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នផ្នែកសន្តិសុខ កាលពីខែកុម្ភៈកន្លងទៅ ដើម្បី ប្រមូលមូលនិធិ «៨ពាន់លានដុល្លារ» ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ តាមពាក្យសន្យានៅអំឡុង យុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦។ លោក ត្រាំ បានបញ្ជាក់ថា ជញ្ជាំងព្រំដែនចំាបាច់តែសាងសង់ សំដៅទប់ស្កាត់ពួកឧក្រិដ្ឋជន និងជនអន្តោប្រវេសន៍ខុសច្បាប់ កុំឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
គួរជម្រាបថា សភាអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោត សម្រេចមួយនៅថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ថាតើគួរតែលុបចោលការជំទាស់របស់លោក ដូណាល់ ត្រាំ ឬក៏យ៉ាងណា ដើម្បីបញ្ចប់ការប្រកាសភាពអាសន្នសន្តិសុខនៅតំបន់ព្រំដែន៕