Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែលត្រៀមចាត់ការក្រុមហាម៉ាស់ ដោយបញ្ជូនកងទ័ព និងរថពាសដែក ទៅកាន់ព្រំដែនហ្គាហ្សាស្ទីព

25-03-2019 17:30

(អ៊ីស្រាអែល)៖ អ៊ីស្រាអែលបាន​បញ្ជូនកងពលថ្មើរ​ជើងចំនួនពីរក្រុម និងកងអង្គភាពរថពាសដែក​ ទៅកាន់តំបន់​ព្រំដែនហ្គាហ្សាស្ទ្រីព ខណៈភាពតានតឹងបានផ្ទុះឡើងសាជាថ្មី ក្រោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេរាយការណ៍ធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

ការបញ្ជូនកងទ័ពទៅកាន់តំបន់ព្រំដែនហ្គាហ្សា កើតមានឡើងបន្ទាប់ពីកងកម្លាំងការពារជាតិអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថា បានដឹកនាំការបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ចូលមកក្នុងទឹកដីរបស់ខ្លួនដោយបង្កឱ្យមនុស្ស ជាច្រើននាក់រងរបួស ក្នុងនោះមានទាំងកុមារផងដែរ។

គួរជម្រាបថា នៅថ្ងៃចន្ទនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏បានបញ្ជាក់ដែរថា លោក នឹងកាត់បន្ថយពេលវេលាបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីត្រឡប់មកប្រទេសវិញ សំដៅចាត់វិធានការសងសឹកភ្លាមៗលើអ្នកនៅពីក្រោយ ការបាញ់គ្រាប់រ៉ុក្កែត។ ក៏ប៉ុន្តែភាពតានតឹងជាថ្មីជាមួយក្រុមហាម៉ាស់-ប៉ាឡេស្ទីន បាន កើតឡើងនៅចំពេលដែលអ៊ីស្រាអែល កំពុងត្រៀមរៀបចំការបោះឆ្នោតនៅខែមេសា ខាងមុខនេះ៕